រដ្ឋាភិបាលកូរ៉េគ្រោងវិនិយោគទឹកប្រាក់១០ពាន់លានដុល្លារ សាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅកណ្តាលសមុទ្រ

0

ដោយៈសុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង មានគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយតម្លៃ១០,៨ពាន់លានដុល្លារអាមេរិក នៅជិតកោះ Gadeok នាឆ្នេរសមុទ្រក្រុង Busan។ នេះបើយោងតាមសារព័ត៌មាន The Korea Times ចុះផ្សាយនៅថ្ងៃពុធ ទី៤ ខែឧសភា នេះ។

ទោះជាយ៉ាងណា ផែនការដ៏ចម្រូងចម្រាសនេះ កំពុងប្រឈមការរិះគន់កាន់តែខ្លាំងឡើង ពីសំណាក់ក្រុមសកម្មជនបរិស្ថាន និងអ្នកជំនាញសេដ្ឋ​កិច្ចដែលអះអាងថា គម្រោងនេះខ្វះការសិក្សាសមិទ្ធលទ្ធភាព ផ្នែកសេដ្ឋកិច្ច ហើយវានឹងបំផ្លាញបរិស្ថានសមុទ្រ។

ក្រុមអ្នករិះគន់ក៏បានលើកឡើងដែរថា ការសាងសង់អាកាសយាន ដ្ឋាននៅកណ្ដាលសមុទ្រនេះ គឺជាហេតុផលកេងចំណេញផ្នែកនយោបាយ ខណៈប្រធានាធិបតី Moon Jae-in និងគណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) កាន់អំណាច កំពុងស្វែងរកការគាំទ្របន្ថែមទៀត ពីអ្នកបោះឆ្នោតក្នុងក្រុង Busan និងខេត្ត South Gyeongsang នៅមុនការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ។

ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រគម្រោងនេះនិយាយថា ការជំរុញការសាងសង់អាកាសយានដ្ឋាន ក្នុងតំបន់ភាគអាគ្នេយ៍ជិតទីក្រុង Busan ដែលជាទីក្រុងធំបំផុតទី២ នេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយតុល្យភាពរបស់កូរ៉េខាងត្បូង ដែលផ្តោតសំខាន់តែទៅលើតំបន់ ក្រុងសេអ៊ូល។

កាលពីថ្ងៃទី២៩ ខែមេសា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង និយាយថា រដ្ឋាភិបាលនឹងបោះបង់ចោល ការសិក្សាសមិទ្ធលទ្ធភាព ហើយនឹងជំរុញផែនការរបស់ខ្លួនទៅមុខ ឈានទៅរកការចាប់ផ្តើមសាងសង់អាកា​សយានដ្ឋាននេះនៅឆមាសទី២ ចុងឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០៣៥៕ The Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here