ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទោះជាមានការកើនឡើងនូវភាពតានតឹង រវាងរុស្ស៊ី និងអ៊ុយ ក្រែន ប៉ុន្តែអ្នកវិនិយោគក្នុងស្រុកជាច្រើន នៅតែបន្តវិនិយោគលើដីធ្លី ពិសេសនៅតាមបណ្តាខ័ណ្ឌមួយចំនួនជាយក្រុងភ្នំពេញ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីផ្សារអចលនទ្រព្យ ចាប់ផ្តើមកំរើកបន្តិចម្តងៗហើយ បន្ទាប់ពីវិបត្តិកូវីដបានបញ្ចប់ ពិសេសចរន្តជួលហាង ទិញលំនៅដ្ឋាន និងដីធ្លីបន្តមានការកើនឡើង។
លោកបន្តថា “ដីនៅខ័ណ្ឌដង្កោ ពោធ៍សែនជ័យ និងខ័ណ្ឌព្រែកព្នៅមានចរន្តទិញលក់ច្រើនជាងគេ ប៉ុន្តែតម្លៃមិនទាន់កំរើកឡើងច្រើននោះទេ”។ លោកបន្តថា “ការរីកចម្រើននៃការទីញ លក់ដីធ្លីបានចាប់ផ្តើម ដោយសារការវិនិយោគដីធ្លីនៅតែមានផលចំណេញ”។
លោកពន្យល់ថា មូលហេតុដែលតម្រូវការទិញ លក់ដីធ្លីកើនឡើងនៅក្នុងមូលដ្ឋានខាងលើ ដោយសារខ័ណ្ឌទាំងនេះ មានដីសល់ទំនេរច្រើន ដីស្ថិតនៅក្នុងតម្លៃសមរម្យនៅឡើយ បើធៀបជាមួយបណ្តាខ័ណ្ឌរីកចម្រើនខ្លាំងនៅតំបន់កណ្តាលក្រុង។
លោកច្រឹក សុខនីម បានបន្តថា ទីផ្សារដីធ្លីនៅជាយក្រុងភ្នំពេញ នៅតែដំណើរការល្អប្រសើរ ប៉ុន្តែស្ថានភាពនៅតាមបណ្តាខេត្តនានា ហាក់បីដូចជាមានភាពស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែទោះជាយ៉ាងណាក្តី អ្វីៗនឹងឈានទៅរកភាពល្អប្រសើរឡើងនាពេលខាងមុខនេះ៕