ដោយៈសិរីជេស៊ីកា
ភ្នំពេញៈ ការពង្រីកផ្លូវសំខាន់មួយខ្សែ B130 ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតក្នុងខ័ណ្ឌព្រែកព្នៅ ឆ្ពោះទៅកាន់តំបន់ភ្នំប្រសិទ្ឋ និងតភ្ជាប់រហូតដល់ផ្លូវជាតិលេខ៥១ បានបញ្ចប់ហើយ។
ជាមួយនឹងការចាកបេតុងយ៉ាងក្រាស់ រលោង បានធ្វើឲ្យផ្លូវនេះបង្ហាញពីភាពធន់មាំ ស្របគ្នានឹងសកម្មភាពចាក់ដីបំពេញ ដោយលុបផ្នែកជាច្រើននៃបឹងកប់ស្រូវ បាននិងកំពុងបន្តយ៉ាងសកម្ម។
គំរោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនបាន និងកំពុងរីកសាយភាយពីចំណុចផ្សារព្រែកព្នៅ រហូតដល់ភ្នំប្រសិទ្ឋ ដែលជាតំបន់មួយត្រូវបានគេរំពឹងថា នឹងកាត់ចូលរាជធានីភ្នំពេញនាពេលខាងមុខនេះ។
ម្ចាស់ហាងលក់គ្រឿងសំណង់សុខគា ដែលមានលំនៅដ្ឋានស្ថិតនៅក្នុងសង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី៨ ឧសភាថា សកម្មភាពទិញលក់ និងដោះដូរដីធ្លីនៅតំបន់នេះកំពុងកើនគឡើង និងតម្លៃកើនខ្ពស់ផងដែរ ជាក់ស្តែងអ្នកស្រីទើបទិញដីទំហំ៥គុណនឹង៣០ម៉ែត្រ ស្ថិតនៅក្នុងឃុំឃ្វាំង ស្រុកពញ្ញាលឺ ក្នុងតម្លៃរហូតដល់៥ម៉ឺនដុល្លារអាមេរិក។
សកម្មភាពពុះដីឡូត៍លក់តូចៗនៅតំបន់នេះ និងតំបន់ជុំវិញភ្នំប្រសិទ្ឋបានថមថយល្បឿន ស្របពេលទំហំឡូត៍ពុះលក់ មានដីទំហំធំជាងមុន ហើយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មួយចំនួនបានងាកមកធ្វើផ្ទះវីឡា និងផ្ទះល្វែងតម្លៃសមរម្យលក់ជំនួសវិញ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានចុះទៅកាន់តំបន់នេះ កាលពីរសៀលថ្ងៃទី៨ ឧសភាបានមានប្រសាសន៍ឲ្យដឹងថា ដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញ និងតំបន់ផ្លួវជាតិលេខ៥១ នឹងកាន់តែមានភាពល្អប្រសើរ ទាំងតម្លៃ និងសកម្មភាពនៃការអភិវឌ្ឍ ដោយសាតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ងាយស្រួលក្នុងការតភ្ជាប់ និងជាតំបន់ស្ថិតនៅកៀកនឹង រាជធានីភ្នំពេញ ដែលមានរមណីយដ្ឋានពីរ បីនៅក្បែរផងដែរ។
លោកបន្តថា “ការរីកចម្រើនផ្នែកសេដ្ឋកិច្ច កំនើនប្រជាពលរដ្ឋ នឹងជម្រុញការរីកចម្រើនផ្នែកនគរូបនីយកម្ម។ ហេតុនេះការដាក់ចេញផែនការពង្រីករាជធានីរបស់រដ្ឋាភិបាល មិនមែនជាការចៃដន្យនោះទេ”។ លោកបន្តថា “រាជរដ្ឋាភិបាលមានផែនការ យុទ្ឋសាស្រ្ត និងគោលនយោបាយច្បាស់លាស់ណាស់ ដើម្បីពង្រីកទីក្រុង និងបង្ខិតតំបន់ជនបទកាន់តែមកកៀកនឹងរាជធានី”៕