ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ទោះបីជាកម្ពុជានិងពិភពលោក បានជួបនឹងវិបត្តិដោយសារតែជំងឺកូវីដ១៩ ក៏មិនធ្វើឱ្យរំហូរទុនវិនិយោគពីបរទេស(FDI) មានការធ្លាក់ចុះដែរ ជាក់ស្ដែងក្នុងរយៈពេល២ឆ្នាំនៃវិបត្តិកូវីដ១៩នេះ រំហូរទុនរវិនិយោគពីបរទេសមានទំហំទឹកប្រាក់ ជាង៨ពាន់លានដុល្លារអាមេរិកឯណោះ ។ នេះបើតាមការលើកឡើងរបស់លោកវ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding ។
លោកវ៉ា វីរៈបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បើតាមរបាយការណ៍ ដែលយើងបានទទួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០១៩ គ្រាមុនកូវីដ១៩ កម្ពុជាទទួលបានទុនវិនិយោគពីបរទេសចំនួន៣,៤ពាន់លានដុល្លារអាមេរិក ហើយក្នុងគ្រាដែលជំងឺកូវីដ១៩បានចាប់ផ្ដើមបង្កជាវិបត្តិ តួលេខទុនវិនិយោគពីបរទេសមាននៅកម្ពុជាបាន ការកើនឡើងតិចតួច គឺប្រមាណ៣,៦ពាន់លានដុល្លារអាមេរិក ។
លោកបន្តថា “ទោះបីជាស្ថានភាពវិបត្តិនៅកម្ពុជា កាន់តែមានការរីករាលដាលខ្លាំង ក្នុងឆ្នាំ២០២១ក្តី ក៏រំហូរទុនវិនិយោគពីបរទេសនៅកម្ពុជាមានប្រមាណជា៤,៥ពាន់លានដុល្លារអាមេរិក”។លោកបន្តថា “អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ត្រឹមរយៈពេលតែ២ខែដំបូងនៃឆ្នាំ២០២២ តួលេខបានបន្តកើនរហូតដល់២ពាន់លានដុល្លារ ឬប្រហាក់ប្រហែលជាពាក់កណ្ដាល នៃរំហូរទុនវិនិយោគក្នុងឆ្នាំ២០២១ទាំងមូល”។
លោកវ៉ា វីរៈបានបន្តថា តាមរយៈតួលេខទាំងនេះ ថ្វីត្បិតតែមានវិបត្តិក៏ពិតមែនតែតួលេខ នៃរំហូរទុនវិនិយោគពីបរទេស នៅតែបន្តកើនឡើងហើយក្នុងរយៈពេល២ឆ្នាំនៃវិបត្តិ២០២០ និង២០២១យើងទទួលានរហូតដល់ជាង៨ពាន់លានដុល្លារអាមេរិក ” ។
ចំណែកអ្នកស្រីGrace Racchny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ក៏បានឱ្យដឹងថាផងដែរថា តាមរយៈបទពិសោធន៍ ដែលលោកស្រីបានធ្វើដំណើរ ទៅកាន់ប្រទេសក្រៅ ឃើញថា វិនិយោគិននៅប្រទេសទាំងនោះ បានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
អ្នកស្រីបន្តថា តាមតួលេខដែលបង្ហាញ ដោយស្ថាប័នរដ្ឋាភិបាលឃើញថា ប្រទេសមួយចំនួនដែលបានបោះទុនវិនិយោគ ច្រើនជាងគេនៅកម្ពុជា រួមមានប្រទេសប្រទេសិន កូរ៉េ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ជប៉ុននិងអង់គ្លេសជាដើម”។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃ កម្ពុជាបានបង្ហាញនាពេលកន្លងមកនេះឱ្យដឹងថា វិស័យហិរញ្ញវត្ថុ ទទួលបានទុនវិនិយោគពីបរទេសច្រើនជាងគេ បន្ទាប់មកគឺវិស័យកម្មន្តសាល និងធំទី៣គឺវិស័យអចលនទ្រព្យ ៕