ដោយ៖វឌ្ឍនៈ
ភ្នំពេញ ៖ បើនិយាយពីវិស័យអចលនទ្រព្យ និងដីធ្លីមនុស្សភាគច្រើន គឺផ្ដោតទៅលើតែតំបន់ នៅរាជធានីភ្នំពេញ និងតំបន់មួយចំនួន តាមបណ្ដាខេត្តមានសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះ។ សម្រាប់បណ្ដាខេត្ត នៅតាមតំបន់ដាច់ស្រយាល នៅមិនទាន់មានការចាប់អារម្មណ៍ច្រើននៅឡើយទេ។
ដើម្បីជំរុញសក្ដានុពលដីធ្លី និងអចលនទ្រព្យនៅតាមបណ្ដាខេត្ត ក្រុមហ៊ុន Century 21 បានប្រកាសពីការជ្រើសរើសភ្នាក់ងារ រហូតដល់ជិត១៦០០នាក់ទូទាំងប្រទេស និងគ្រប់ឃុំទូទាំងប្រទេស។
លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃទី១០ ខែឧសភា ២០២២នេះថា បើនិយាយពីវិស័យដីធ្លី ភាគច្រើនផ្ដោតទៅលើតែតំបន់ទីក្រុង តំបន់ជាយក្រុង និងតំបន់តាមច្រកព្រំដែនអន្តរជាតិមួយចំនួន។ ដូច្នេះការអភិវឌ្ឍដីធ្លីនៅកម្ពុជាមានតិចតួចនៅឡើយ។ បេសកកម្មរបស់ក្រុមហ៊ុនCentury 21 Zillion Holding ចង់ពង្រាយភ្នាក់ងារ ឬបុគ្គលិករបស់ខ្លួន ឈរជើងនៅគ្រប់ឃុំសង្កាត់ ទាំង១៦៥២ឃុំសង្កាត់ទូទាំងប្រទេស ដើម្បីធ្វើការងារពង្រីកសេវាប្រឹក្សាអចលនទ្រព្យ។
លោកបន្តថា ផែនការ និងបេសកកម្មរបស់ Century 21 Zillion Holding នឹងបង្កើតឱកាសបង្កើតការងារឱ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយរួមចំណែក ដើម្បីចូលរួមកសាង អភិវឌ្ឍនក្នុងវិស័យដីធ្លី ជំរុញកំណើនសេដ្ឋកិច្ចរបស់យើងកាន់តែល្អ និងរួមចំណែកអភិវឌ្ឍន៍តំបន់ជនបទ ឱ្យមានតុល្យភាពនឹងតំបន់ទីប្រជុំជន។
លោកបន្ថែមថា “អ្វីដែលពិសេសនោះ យើងចង់ឱ្យយុវជន បញ្ញាវ័ន្តរបស់យើងរៀនចប់ហើយ ត្រលប់ទៅកាន់មូលដ្ឋានវិញ រួមគ្នាអភិវឌ្ឍន៍តំបន់មូលដ្ឋានរបស់ពួកគេ ឱ្យមានការរីកចម្រើនដូចនឹងតំបន់ទីប្រជុំជនដែរ”។
លោកបន្ថែមថា សក្ដានុពលវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺនៅមានភាពទូលំទូលាយណាស់ ជាក់ស្ដែងយើងបានសង្កេតឃើញថាដីធ្លី នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស នៅទំនេរច្រើន និងត្រូវការអ្នកវិនិយោគអ្នកកែប្រែដីធ្លីឱ្យបានកាន់តែច្រើន និងទាញប្រយោជន៍ពីដីធ្លីនោះឱ្យអស់សក្ដានុពល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកថា ”ការជ្រើសរើសបុគ្គលិក និងភ្នាក់ងារនៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេសកម្ពុជានឹងអាចក្ដោបព័ត៌មានដីធ្លី អចលនទ្រព្យបានគ្រប់ជ្រុងជ្រោយ ហើយដឹងថា តំបន់ណាត្រូវការអភិវឌ្ឍអ្វី។ វានឹងសម្រួលដល់ការងាររបស់យើងក្នុងការផ្ដលព័ត៌មាន ទៅកាន់អ្នកវិនិយោគ បានចំគោលដៅ ដែលពួកគេចង់បណ្ដាក់ទុនវិនិយោគ”។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងថា តម្រូវការអ្នកជំនាញ និងធនធានមនុស្សក្នុងវិស័យអចលនទ្រព្យកម្ពុជា នឹងកាន់តែមានកំណើនឡើង នៅពេលអនាគត ស្របពេលវិស័យអចលនទ្រព្យកាន់តែរីកចម្រើន ជាពិសេសនៅពេលចប់វិបត្តិកូវីដ១៩ និងវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕