រដ្ឋបាលខេត្តបន្ទាយមានជ័យព្រមាន​ជាថ្មី​ឱ្យ​រុះរើរាល់​សំណង់ប៉ះពាល់ ដល់គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥

0

ដោយ៖ សុផារី

 

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានព្រមានជាលើកទី២ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានសាងសង់សំណង់ផ្សេងៗ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ត្រូវរុះរើសំណង់ចេញ មុនពេលក្រុមហ៊ុនសាងសង់ចាប់ផ្ដើមដំណើរការ នាពេលខាងមុខនេះ។

 

តាម​រយៈសេចក្តីជូនដំណឹងលើកទី២ របស់​រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ចេញផ្សាយនៅថ្ងៃ​ទី០៨ ខែឧសភា​នេះ​​ បាន​បញ្ជាក់ថា សំណង​ត្រូវ​បាន​សង​រួច​ហើយ​ សម្រាប់​គ្រួសារ ​ដែល​រង​ផល​ប៉ះពាល់​ ជាង១ពាន់​គ្រួសារ។ រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​អនុវត្ត​រួច​ហើយ ប៉ុន្តែ​មាន​អ្នក​ខ្លះ​មិន​បាន​អនុវត្ត។​

 

រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យ​អាជីវករ ក្រុមហ៊ុន អង្គភាព ពាក់ព័ន្ធនានា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានសាងសង់សំណង់ផ្សេងៗដូចជា ផ្ទះសម្បែង តូបលក់ដូរ សំណង់បណ្ដោះអាសន្នផ្សេងៗ ស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ស្លាកគណបក្ស បង្គោលអគ្គិសនី បង្គោលខ្សែបណ្ដាញទូរគមនាគមន៍ ខ្សែកាបអុបទិច បណ្ដាញទឹកស្អាត ។ល។​ នៅលើដីចំណីផ្លូវជាតិលេខ៥ ដែលរងផលប៉ះពាល់ ដោយសារគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ផ្នែកចុងបញ្ចប់) សិរីសោភ័ណ-ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវរុះរើឲ្យបានមុនពេលក្រុមហ៊ុនសាងសង់ចាប់ផ្ដើមដំណើរការ នាពេលខាងមុខនេះ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានមាន​ប្រសាសន៍​នៅថ្ងៃទី៩ ខែឧសភា ថា រដ្ឋបាលមិនទាន់កំណត់ពេលវេលា សម្រាប់ការរុះរើនៅឡើយទេ។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​បាន​និយាយ​ថា ការងារ​សាងសង់​ផ្លូវ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ខាង​មុខឆាប់ៗ​នេះ។

 

លោក​បាន​មាន​ប្រសាសន៍ថា “យើងមិនទាន់បានកំណត់ពេលវេលាទេ។ បងប្អូន ដែលរងផលប៉ះពាល់ បានផ្តិតមេដៃលើកិច្ចសន្យាសំណងរបស់ពួកគាត់រួចហើយ។ អ្នក​ខ្លះ​ពន្យារ​ពេល ឬ​បដិសេធ​ក្នុង​ការ​ចាប់​ផ្តើម​រុះរើ​ជា​ បើ​ទោះ​បី​ជា​បាន​យល់​ព្រម​ទទួល​បាន​សំណង​រួច​ហើយ​ក្តី”។

 

រដ្ឋបាលខេត្តបានបញ្ជាក់ថា “ប្រសិនបើសាធារណជន អាជីវករ ក្រុម​ហ៊ុន ឬបងប្អូន មិនគោរពតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ”។

យោងតាមក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា គម្រោងកែលម្អផ្លូវជាតិលេខ៥ ប្រវែង៣៥គីឡូម៉ែត្រនេះ​ បានចាប់ផ្តើមសាងសង់កាលពីខែមេសា ដោយចំណាយថវិកាប្រមាណ៥០លានដុល្លារអាមេរិក ក្រោមកម្ចីសម្បទានពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕

LEAVE A REPLY

Please enter your comment!
Please enter your name here