វិបត្តិបំណុលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែធ្ងន់ធ្ងរ ខណៈលក់ផ្ទះមិនចេញ ហើយលុយយ័នក៏ធ្លាក់ថ្លៃ

0

ដោយ៖ សុខុម

ហុងកុង: វិបត្តិក្រុមហ៊ុន China Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន បានបង្កចលាចលមិនត្រឹមតែក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរង្គោះរង្គើទីផ្សារពិភពលោកទៀតផង។

ដើម្បីរម្ងាប់ចលាចលនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីសម្រាលវិបត្តិសាច់ប្រាច់របស់ក្រុមហ៊ុន China Evergrange ដែលជំពាក់បំណុលច្រើនបំផុត ដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក និងក្រុមហ៊ុនផ្សេងៗទៀត។

ទោះជាយ៉ាងណា ស្ថានភាពក្នុងទីផ្សារអចលនទ្រព្យប្រទេសចិន ហាក់មិនធូរស្រាល ហើយបែរជាកាន់តែធ្ងន់ធ្ងរទៅៗ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិន ជាច្រើនរួមទាំងក្រុមហ៊ុន Sunac China ដែលធំបំផុតទី៣ របស់ប្រទេសនេះផងបានខកខានសងបំណុលជាបន្តបន្ទាប់។

តួយ៉ាងពេលនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Zhongliang Holdings កំពុងព្យាយាមសុំម្ចាស់បំណុល ពន្យារពេលសងប្រាក់ចំនួន៧២៩លានដុល្លារអាមេរិក មុនឱសានវាទមកដល់នៅសប្ដាហ៍ក្រោយ ដើម្បីជៀសផុតពីការខនខានសងបំណុលនៅក្រៅប្រទេស។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែឧសភា។

ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ កំពុងជួបវិបត្តិលក់ផ្ទះមិនចេញ ស្របពេលវិស័យអចលនទ្រព្យ ក្នុងប្រទេសចិន ដាំក្បាលចុះខ្លាំង ហើយបានបង្ខំចិត្តប្ដូរស្ថាប័នធនាគារ ដើម្បីខ្ចីថែមយកលុយសងអ្នកវិនិយោគ លើមូលបត្របំណុលរបស់ខ្លួន ដែលដល់ពេលកំណត់ នៅខែឧសភា និងខែកក្កដា។

ការខកខានសងថ្លៃមូលបត្របំណុល ពីសំណាក់ក្រុមហ៊ុន Zhongliang Holdings នឹងធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភកាន់តែខ្លាំង អំពីវិស័យអចលនទ្រព្យក្នុងប្រទេសចិន ខណៈរដ្ឋាភិបាលក្រុងប៉េកាំង កំពុងព្យាយាមស្ដារ និងពង្រឹងទំនុកចិត្តមកលើសេដ្ឋកិច្ចប្រទេសចិន។

ទោះបីជាក្រុមហ៊ុន Zhongliang Holdings ទទួលបានការយល់ព្រម ពីម្ចាស់បំណុលពន្យារពេលសងមួយឆ្នាំទៀតក្ដី ក៏ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលកំពុងមានបញ្ហាសាច់ប្រាក់មួយនេះ នឹងត្រូវបង់ប្រាក់បន្ថែមចំនួន១,២៥លានដុល្លារអាមេរិកបន្ថែមទៀត លើមូលបត្របំណុលរបស់ខ្លួន នៅពេលនេះ ដោយសាររូបិយប័ណ្ណយ័នធ្លាក់ថ្លៃ។

លោក Albert Yau នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Zhongliang Holdings និយាយថា “ស្ថានភាពពេនេះកាន់តែធ្ងន់ធ្ងរទៅៗហើយ” ដោយលោកបានប្រៀបធៀបស្ថានភាពបច្ចុប្បន្ន ទៅនឹងការដាំក្បាលចុះខ្លាំងនៃប្រាក់យ័ន ក្នុងឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here