ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ តំបន់ផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ បានក្លាយជាតំបន់សក្ដានុពលក្នុងការអភិវឌ្ឍ ដោយបែងចែកទៅតាមតំបន់នីមួយៗ។ តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ដែលមានតាមបណ្ដោយផ្លូវជាតិលេខ១ និងតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ តំបន់តាមបណ្ដោយផ្លូវជាតិលេខ៦ បាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់ដ៏គួរឱ្យទាក់ទាញ។
លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅតាមផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ បាននិងកំពុងបង្ហាញពីសក្ដានុពលខុសៗគ្នា។ ក្នុងនោះដែរ ផ្លូវជាតិលេខ៣និងលេខ៤ជាតំបន់ ដែលទាក់ទាញទៅលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម។ កត្តាដែលជំរុញឱ្យវិនិយោគិនចាប់អារម្មណ៍ក្នុងការបណ្ដាក់ទុនវិនិយោគនៅតំបន់ទាំងនោះ ព្រោះ តំបន់ទាំងនោះ ជាទីតាំងដែលមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅ និងទៅកាន់ច្រកព្រំដែនកម្ពុជា ថៃ និងបន្តទៅប្រទេសទី៣។
លោកបន្តថា សម្រាប់តំបន់ផ្លូវជាតិលេខ១និងលេខ៦ បច្ចុប្បន្ននេះ យើងឃើញថា មានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនបាននិងកំពុងបណ្ដាក់ទុនវិនិយោគ និងបង្កើតគម្រោងថ្មីៗ ដែលមានតម្លៃខ្ពស់ៗផងដែរ ។ យើងក៏ឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗ ដូចជាប៉េងហួត អ័រគីដេវីឡា និងបុរីធំៗជាច្រើនទៀត កំពុងសាងសង់សម្រាប់ផ្គត់ផ្គង់ជូនអតិថិជន។
លោកថា “នៅពេលមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗ ចូលទៅកាន់តំបន់ណាមួយ អ្នកមានជីវភាពខ្ពស់ក៏ចាប់អារម្មណ៍ចង់ទិញផ្ទះស្នាក់នៅ ក្នុងតំបន់ទាំងនោះដែរ ដែលធ្វើឱ្យតំបន់នោះកាន់តែទាក់ទាញការវិនិយោគលំនៅឋានតម្លៃខ្ពស់កាន់តែច្រើន”។
អ្នកគ្រប់គ្រងបុរីមកពីប្រទេសសិង្ហបុរីមួយរូប ដែលមានទីតាំងវិនិយោគ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ គឺបុរីណាឌី ក៏បាននិយាយថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួន បោះទីតាំងវិនិយោគ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ដោយសារតែសក្ដានុពលតំបន់នោះមានភាពទាក់ទាញ។ គម្រោងធំៗមួយចំនួនរបស់រដ្ឋក៏មានទីតាំង នៅតំបន់ជិតនឹងផ្លូវជាតិលេខ៦ផងដែរ ហើយទីក្រុងរណបជ្រោយចង្វារ ក៏មានទីតាំងជាប់នឹងផ្លូវជាតិលេខ៦ និងកំពុងអភិវឌ្ឍគួរឱ្យកត់សម្គាល់។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល ក៏បានលើកឡើងថា ការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពលដូចគ្នា ប៉ុន្តែមានការបែងចែកទៅតាមតំបន់នីមួយៗ។ តំបន់ខាងជើង មានគម្រោងធំៗ ដែលអាចជំរុញឱ្យមានការអភិវឌ្ឍលំនៅឋានច្រើន និងអាចក្លាយជាតំបន់ពាណិជ្ជកម្មនៅពេលខាងមុខ។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានបង្ហាញថា អត្រានៃកំណើនតម្លៃដីធ្លីនៅប៉ែកខាងជើងហាក់ទទួលបានតួលេខខ្ពស់ បើធៀបនឹងតំបន់ផ្សេងៗទៀត ជុំវិញរាជធានីភ្នំពេញ ដូច្នេះតម្រូវការសម្រាប់អភិវឌ្ឍន៍ ក៏មានខ្ពស់ដែរ នៅពេលបច្ចុប្បន្ន និងអនាគត៕