ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ គម្រោងខុនដូកំពស់៣៩ជាន់ នៅកណ្ដាលរាជធានីភ្នំពេញ Diamond Bay Garden ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់សម្ពោធលក់ជាផ្លូវការ ដែលជាការចូលរួមក្នុងការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារប្រទេសកម្ពុជាបន្ថែមទៀត។
ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ គម្រោងខុនដូកំពស់៣៩ជាន់ នៅកណ្ដាលរាជធានីភ្នំពេញ Diamond Bay Garden ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់សម្ពោធលក់ជាផ្លូវការ ដែលជាការចូលរួមក្នុងការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារប្រទេសកម្ពុជាបន្ថែមទៀត។
នៅក្នុងសេចក្ដីប្រកាសរបស់ក្រុមហ៊ុន OCIC បានឱ្យដឹងថា ខុនដូនេះជា តំបន់បណ្ដុំទៅដោយ ទីតាំងពាណិជ្ជកម្មចម្រុះជាច្រើន ដូចជា ផ្សារទំនើបអ៊ីអន១ សាលាអន្តរជាតិ ធនាគារ មន្ទីរពេទ្យ និងសាលកោះពេជ្រ ។ ក្រៅពីនេះ មានអគារពាណិជ្ជកម្មជាច្រើន និងស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍខ្លាំង។

លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងកាណាឌីយ៉ាគ្រុប បានឱ្យដឹងថា គម្រោង Diamond Bay Garden មានអគារខ្ពស់ៗចំនួន៣ ធ្វើពីកញ្ចក់ ថ្ម និងដែកថែប ផ្ដល់ជូននូវគុណតម្លៃ និងការរស់នៅប្រកបដោយឧត្តមភាព ហើយវានឹងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។
លោកឧកញ៉ា បន្តថា ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាធំនិងយូរជាងគេ ក្រុមហ៊ុនOCIC បានឈានមុខគេក្នុងការផ្ដល់ជូនទីតាំងអចលនទ្រព្យដែលមានការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវពាណិជ្ជកម្មនិងលំនៅឋានសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ព្រមទាំងអ្នកវិនិយោគពីបរទេសផងដែរ។

លោកឧកញ៉ាបន្ថែមថា ក្នុងពេលប្រទេសជាច្រើន នៅលើពិភពលោក កំពុងមានភាពមិនទាន់ច្បាស់លាស់ និងរងគ្រោះពីកូវីដ១៩ ក្រុមហ៊ុនរបស់យើងបានបន្តដំណើរទៅមុខ ឥតឈប់ឈរ និងបានបន្តចូលរួមអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា ជាបន្តបន្ទាប់។ ការចូលរួមចំណែកនេះ មិនទាន់រាប់បញ្ចូលនូវការចូលរួមរបស់ខ្លួន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយរដ្ឋាភិបាលនៅឡើយទេ។
របាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ក្នុងដើមឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារប្រទេសកម្ពុជាមានតិចតួចនៅឡើយ ធៀបនឹងការព្យាករណ៍ដែលអាចនឹងមាន១៣ពាន់យូនីត។
ការដាក់លក់គម្រោងខុនដូ Diamond Bay Garden គឺជាការចូលរួមបន្ថែមការផ្គត់ផ្គង់ខុនដូ ក្នុងទីផ្សារខុនដូប្រទេសកម្ពុជា និងរំពឹងថា កំណើនតម្រូវការ និងការផ្គត់ផ្គង់កាន់តែមានច្រើនឡើងថែមទៀត នាពេលអនាគត។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ បានលើកឡើងថា ទីផ្សារខុនដូអាចមានកំណើនឡើងវិញ និងខ្ពស់បន្ថែមទៀត នៅក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ហើយជនបរទេសនឹងចូលមកកម្ពុជាកាន់តែច្រើន ស្របនឹងកំណើនប្រជាជនកម្ពុជា ដែលមាននិន្នាការរស់នៅក្នុងខុនដូផងដែរ៕