ដោយ សុខុម
ញូវយ៉ក: ថ្លៃឈ្នួលផ្ទះនៅសង្កាត់ Manhattan ដ៏ល្បីល្បាញនៃក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់មិនធ្លាប់មានរយៈពេល៣ខែជាប់គ្នា។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីសប្ដាហ៍មុន។
ផ្អែកតាមរបាយការណ៍បស់ក្រុមហ៊ុនអចលនទ្រព្យអាមេរិកចំនួន២ គឺក្រុមហ៊ុន Douglas Elliman និងក្រុមហ៊ុន Miller Samuel Real Estate Appraisers & Consultants បង្ហាញថា ថ្លៃឈ្នួលខុនដូ ឬអាផាតម៉ិនក្នុងសង្កាត់ Manhattan ជួលក្នុងមួយខែ៣.៨៧០ដុល្លារ ក្នុងខែមេសា ដោយហក់ឡើងរហូតដល់ទៅ៣៩%ធៀបនឹងថ្លៃឈ្នួល២.៧៩១ដុល្លារ ក្នុងឆ្នាំ២០២១។
លោក Jonathan Miller ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Miller Samuel បានថ្លែងថា “ថ្លៃឈ្នួលផ្ទះបានហក់ឡើងខ្ពស់ខ្លាំងក្នុងខែមេសា ដោយហក់ឡើងជិត៤០%” ខណៈការផ្គត់ផ្គង់ធ្លាក់ចុះខ្លាំង។
លោកគូសបញ្ជាក់ថា ការហក់ឡើងថ្លៃឈ្នួលនេះក៏ប្រហែលជាទទួលរងឥទ្ធិពលពីស្ថានភាពក្នុងទីផ្សារទិញលំនៅដ្ឋានផងដែរ នោះគឺការកើនឡើងអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះ។
អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះដែលមានអត្រាថេររយៈពេល៣០ឆ្នាំ បានហក់ឡើងលើស៥%កាលពីខែមុន ហើយរំពឹងថានឹងបន្តហក់ឡើងថែមទៀតដែលបង្ខំឱ្យអ្នកដែលមានគម្រោងទិញផ្ទះត្រូវផ្អាកទិញសិន ឬគ្មានលទ្ធភាពទិញ ខណៈការបង់រំលស់ប្រចាំខែ ដែលកើនឡើងខ្ពស់ ធ្វើឱ្យពួកគេជាច្រើនបាត់បង់លទ្ធភាពទិញ។
លោក Jonathan Miller បានបន្ថែមទៀតថា “ការកើនឡើងអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះបានធ្វើឱ្យអ្នក ដែលបម្រុងទិញផ្ទះ ត្រូវផ្អាកទិញ ហើយហក់ចូលក្នុងទីផ្សារជួល ជាហេតុធ្វើឱ្យថ្លៃឈ្នួល និងតម្រូវការផ្ទះជួលហក់ឡើងខ្ពស់មិនធ្លាប់មាន”៕ CNN៕