ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនគ្រូយើង បាននិងកំពុងបោះទុនរាប់លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងបុរីធំដំបូងគេបង្អស់ នៅលើទឹកដីស្រុកកូនមុំ ខេត្តរតនគិរី ដោយមានមហិច្ឆិតាប្រែក្លាយតំបន់ភូមិភាគឦសានទាំងមូលជាតំបន់ស៊ីវិល័យ។
លោក មាន ទូច ប្រធានគ្រប់គ្រងគម្រោងគ្រូយើង ក្នុងទឹកដីខេត្តរតនគិរី បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៣ ខែឧសភានេះថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសាងសង់ ដោយកំពុងឈូសឆាយដី ហើយគ្រោងនឹងចាប់ផ្តើមការសាងសង់ផ្ទះនាពេលឆាប់ៗនេះ។
-->

បើតាមលោកទូច គម្រោងគ្រូយើងមួយនេះ មានការសាងសង់លំនៅឋានច្រើនប្រភេទ រួមមាន ផ្ទះអាជីវកម្ម ផ្ទះវីឡា Twin Villa King Villa ក្លឹបហាត់ប្រាណ ជាពិសេស គម្រោងផ្សារទំនើបដំបូងគេបង្អស់ នៅលើទឹកដីភូមភាគឦសានមួយនេះ។
គម្រោងក៏ធំបង្អស់មួយនេះ មានទឹកប្រាក់វិនិយោគប្រហែល១០លានដុល្លារអាមេរិក ដែលសាងសង់លើផ្ទៃដី១៦,៥ហិកតា មានទីតាំងនៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី ដែលមានចម្ងាយត្រឹមតែ៦គីឡូម៉ែត្រពីក្រុងបានលុង។
លោកបន្តថា មូលហេតុដែលគម្រោងជ្រើសរើសទីតាំងនេះ ព្រោះជាទីតាំងស្ថិតនៅផ្លូវបំបែកទៅកាន់រាជធានីភ្នំពេញ និងផ្លូវបំបែកឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី ហើយគម្រោងអភិវឌ្ឍន៍ខេត្តនឹងត្រូវបានពង្រីកក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត។ លើសពីនេះ ម្ចាស់គម្រោងមានផែនការកែប្រែតំបន់មួយនេះ ទៅជាតំបន់មួយ ដែលមានលក្ខណៈស៊ីវិល័យ។

លោកថា “ទី១ យើងគិតថា ខេត្តនឹងរីកទៅដល់ហ្នឹង ក្នុងប៉ុន្មានឆ្នាំទៀត។ ទី២ យើងចង់ធ្វើតំបន់មួយដែលមានលក្ខណៈដូចក្រុងភ្នំពេញ កុំឱ្យថា ខេត្តដាច់ស្រយាល មិនមានអ្វីដូចគេ”។
លោកបានបន្តថា ប្រសិនបើមិនមានការប្រែប្រួលនោះទេ គម្រោងទាំងមូលនេះ គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយកន្លងមក បានចាប់ផ្តើមបើកដំណើរការលក់ម្តងរួចរាល់ហើយ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្អាកការលក់បណ្តោះអាសន្នសិន ដោយផ្តោតទៅលើការឈូសឆាយដី នៅក្នុងគម្រោងជាមុនសិន។ ប្រសិនបើគម្រោងនេះដំណើរការល្អប្រសើរ ក្រុមហ៊ុននឹងបន្តដំណើរការពង្រីកទៅកាន់ខេត្តផ្សេងទៀតដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ជាដើម។
លោកបញ្ជាក់ឱ្យដឹងថា គម្រោងនេះសាងសង់ផ្ទះចំនួនប្រហែល២០០ខ្នង ដោយការសាងសង់ផ្តោតទៅលើសុខុមាលភាពនៃការរស់នៅរបស់អតិថិជនផ្ទាល់។ លោកថា នេះជាគម្រោងដំបូងគេក្នុងភូមិភាគឦសាន ដែលនឹងលើកមុខមាត់ខេត្តរតនគិរីទាំងមូល ព្រមទាំងលើកស្តង់ដារការរស់នៅរបស់ប្រជាជន ដោយផ្តល់នូវការរស់នៅប្រកបដោយអនាម័យ ផាសុខភាព និងសុវត្តិភាព។
លោក យ៉ូន សុខរិន ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី បានឱ្យដឹងថា ក្រោយពីបញ្ចប់ការសាងសង់ហើយ គម្រោងនេះនឹងជំរុញកំណើនវិស័យអចលនទ្រព្យក្នុងខេត្តរតនគិរីបន្ថែមទៀត ដោយនឹងនាំមកនូវការរស់នៅថ្មីមួយ ទាក់ទាញទេសចរ និងលើកមុខមាត់ខេត្តរតនគិរីទាំងមូលផងដែរ។

លោកបន្តទៀតថា គម្រោងនេះក៏បានទាក់ទាញ អតិថិជនមានចំណាប់អារម្មណ៍ នៅក្នុងការទិញលក់ដីធ្លីច្រើនប្រភេទ ដូចជា ប្រជាជននៅក្នុងខេត្ត ចាប់អារម្មណ៍ស្វែងរកទិញដី ដើម្បីសាងសង់ជាលំនៅឋានផ្ទាល់ខ្លួន។ ចំណែកអតិថិជនធំមួយទៀតនោះ គឺអ្នកវិនិយោគ ដែលចាប់អារម្មណ៍រកទិញដី នៅជាយក្រុងបានលុង ដើម្បីអភិវឌ្ឍន៍ និងលក់យកផលចំណេញខ្ពស់ នាពេលអនាគត៕
