ដោយ៖ សុផារី
ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្គេតឃើញមានបុរីជាច្រើនគម្រោង បានចូលទៅបោះទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ១នេះ ជាពិសេសនៅក្នុងតំបន់កៀនស្វាយតែម្តង។
ជាក់ស្តែង បុរីធំបំផុតមួយគឺបុរី ប៉េង ហ៊ួត ដែលបានឈានទៅបោះទីតាំងអភិវឌ្ឍន៍បុរីមុនគេ នៅតាមបណ្តោយផ្លូវជាតិនេះ បានជំរុញតម្លៃដីធ្លី និងជម្រុញឱ្យមានការចូលមកនូវអ្នកអភិវឌ្ឍន៍ធំៗផ្សេងៗទៀតជាច្រើន មានដូចជា បុរីមង្គលភ្នំពេញ បុរី KS Resident បុរីភ្នំពេញសុខសាន្ត បុរីហាយធិច បុរីសម្បត្តិមានហេង បុរីលឹមឈាងហាក់ ជាដើម។
-->

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ថា តំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញ ជាទីតាំងល្អបំផុត សាកសមនឹងគម្រោងអភិវឌ្ឍន៍លំនៅឋាន និងទេសចរណ៍ ដោយសារតែមានទីតាំងអមណោយផលខ្ពស់ មានដើមឈើ និងខ្យល់អាកាសបរិសុទ្ធ ធម្មជាតិ។
លោក MJ Cheng ប្រធានក្រុមផ្នែកទីផ្សារនិងលក់ នៃគម្រោងបុរីមង្គលភ្នំពេញ ដែលមានគម្រោងបុរីធំៗចំនួនបីគម្រោងនៅតាមបណ្តោយផ្លូវជាតិលេខ១ និងគម្រោង៥ផ្សេងទៀតនៅក្នុងក្រុង និងជាយក្រុងភ្នំពេញ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ផ្លូវជាតិលេខមួយ នៅម្តុំតំបន់កៀនស្វាយនេះ គឺជាទីតាំងក៏មានសក្តានុពលវិនិយោគអចលនទ្រព្យ ជាពិសេសលើគម្រោងលំនៅឋានប្រភេទបុរី។
លោកថា “សព្វថ្ងៃនេះ នៅម្តុំកៀនស្វាយមានគម្រោងបុរីកំពុងតែរីកមកដល់ថ្មីៗ ជាច្រើន”។ ក្នុងចំណោមនោះ លោកអះអាងថា គម្រោងរបស់លោក គឺគម្រោងបុរីមង្គលភ្នំពេញ ជាគម្រោងដែលធំជាងគេនៅក្នុងតំបន់នេះ ដែលមានចម្ងាយត្រឹមតែ១៥នាទីពីស្ពានព្រះមុនីវង្សតែប៉ុណ្ណោះ។ ក្រៅពីគម្រោងរបស់លោក នៅមានគម្រោងខ្លះទៀត បានពង្រីកទីតាំងនៅឆ្ងាយជាងនេះទៅទៀត”។
បើតាមលោក MJ បានឱ្យដឹងថា តំបន់នេះជាទីតាំងសក្តានុពល ដោយទី១ ផ្លូវជាតិលេខ១នេះជាច្រកអន្តរជាតិរបស់អាស៊ានភ្ជាប់ទៅកាន់ក្រុងបាវិត ជាផ្លូវសម្រាប់ភ្ជាប់ការនាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងវៀតណាម ដោយក្រុមអ្នកជំនួញរកស៊ីភ្នំពេញ-បាវិត គឺត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ។
លោកថា “វាជាច្រកអន្តរជាតិ ដូច្នេះមានមនុស្សរស់នៅច្រើន មនុស្សចេញចូលច្រើន។ ការរស់នៅម្តុំនេះ ចាត់ទុកថាជាចំណុចកណ្ដាល ដែលមានភាពងាយស្រួលក្នុងការចេញចូល”។
សក្តានុពលទី២ គឺ វាមានទីតាំងនៅជិតផ្លូវក្រវាត់ក្រុងទី២ និងផ្លូវក្រវាត់ក្រុងទី៣ ជាពិសេសនៅជិតផ្លូវក្រវាត់ក្រុងទី២ជាងគេ។

ម្យ៉ាងទៀត សក្តានុពលទី៣ ជំរុញដោយ គម្រោងស្ពានកោះពេជ្រ-កោះនរាហ៍ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំក្រោយ ដែលគម្រោងក៏សំខាន់មួយនេះនឹងភ្ជាប់ផ្លូវចូលទៅកាន់រាជធានីភ្នំពេញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។
លោកថា “ស្ពានកោះនរាហ៍ភ្ជាប់ទៅកោះពេជ្រ នៅពេលសាងសង់ហើយ នឹងបង្គើតជាផ្លូវចូលទៅកាន់ក្រុងកាន់ តែឆាប់រហ័សបន្ថែមទៀត។ ស្ពានកោះនរាហ៍ឆ្នាំក្រោយនឹងហើយៗ ដូច្នេះនឹងប្រែប្រួលខ្លាំង នៅពេលមានស្ពានហើយ”។
អតិថិជនគោលដៅរបស់គម្រោងបុរីគម្រោងឧទ្យានមង្គលនេះផ្តោតសំខាន់លើ ភាគច្រើនជាអ្នកដែលរស់នៅក្រុងភ្នំពេញ ប្រជាពលរដ្ឋនៅម្តុំផ្លូវជាតិលេខមួយ ប្រជាជននៅក្នុងមូលដ្ឋានកៀនស្វាយ និងមានអ្នកមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀងទៀតផង។
លោកថា “ប្រជាជននៅជុំវិញផ្លូវជាតិលេខ១ ជាអតិថិជនគោលដៅមួយហើយ ដូចជា អ្នកផ្សារគគីរ អ្នកព្រែកឯង មានអ្នកមកពីអ្នកលឿង ស្វាយរៀង ព្រៃវែង ក៏មានដែរ”។
ផ្លូវជាតិលេខ១ គឺជាផ្លូវអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលតភ្ជាប់ពីទីក្រុងភ្នំពេញកម្ពុជា ទៅកាន់ទីក្រុងហូជីមិញ វៀតណាម ហើយក៏ជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េ តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង តភ្ជាប់រវាងទីក្រុងបាងកក ភ្នំពេញ ហូជីមិញ ផងដែរ។

ផ្លូវជាតិលេខ១ មានប្រវែងសរុប១៦៧គីឡូម៉ែត្រ (ភ្នំពេញ-អ្នកលឿងប្រវែង៥៦គីឡូម៉ែត្រ និងអ្នកលឿង-បាវិតប្រវែង១១១ គីឡូម៉ែត្រ) ត្រូវបានស្ថាបនាឡើងវិញ ដោយកម្ចីហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមមានការសាងសង់ស្ពានអ្នកលឿង ដែលជាស្ពានខ្សែកាប និងវែងជាងគេបង្អស់នៅកម្ពុជា ដែលបានបញ្ចប់នៅឆ្នាំ២០១៥៕