ដោយៈវិវឌ្ឈន៍
ភ្នំពេញៈ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកើតមានឡើងរយៈពេល១០ឆ្នាំម្តង ហើយទីផ្សារអចលនទ្រព្យតែងតែមានបញ្ហាជាមួយគ្នា ហេតុនេះតើអ្នកគួរធ្វើដូចម្តេច ទើបអាចរស់បានក្នុងដំណាក់កាលលិចលង់?។
ដោយៈវិវឌ្ឈន៍
ភ្នំពេញៈ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកើតមានឡើងរយៈពេល១០ឆ្នាំម្តង ហើយទីផ្សារអចលនទ្រព្យតែងតែមានបញ្ហាជាមួយគ្នា ហេតុនេះតើអ្នកគួរធ្វើដូចម្តេច ទើបអាចរស់បានក្នុងដំណាក់កាលលិចលង់?។
អ្នកជំនាញបានបង្ហើបនូវវិធីសាស្រ្តសំខាន់ៗចំនួន៤យ៉ាង ដើម្បីអាចជួយឲ្យអ្នកឆ្លងផុតពីវិបត្តិនេះ និងអាចចាប់យកឱកាសជាមួយគ្នាផងដែរ។
ទី១ ច្នៃអចលនទ្រព្យឲ្យមានលំហូរសាច់ប្រាក់
ទាក់ទងនឹងបញ្ហានេះមានវិធីសាស្រ្ត២យ៉ាង ដែលអ្នកអាចច្នៃអចលនទ្រព្យឲ្យទទួលបានលំហូរសាច់ប្រាក់។ វិធីសាស្រ្តទី១ គឺការលក់បង់រំលស់ រយៈពេលវែងជាមួយអតិថិជន ឬជាមួយម្ចាស់ទ្រព្យ និងវិធីសាស្ត្រទី២ គឺការដាក់ជួល។
ការដាក់ជួលជាការល្អ ប្រសិនបើអចលនទ្រព្យរបស់អ្នក នៅមានសក្តានុពលខ្ពស់ ក្នុងការកើនតម្លៃនាពេលអនាគត។ វិធីសាស្ត្រនេះ ជាវិធីសាស្រ្តព្រួញ១បាញ់បានសត្វបានដល់ទៅ២។
ទី២ រក្សាលំហូរសាច់ប្រាក់ពីប្រភពផ្សេង
អ្នកគួរមានលំហូរសាច់ប្រាក់ពីប្រភពផ្សេង ដូចជា ប្រាក់ខែ ឬចំណូលពីអាជីវកម្មផ្សេងៗ។ កាលពីអំឡុងឆ្នាំ២០០៧- ២០១០ វិស័យអចលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំង អ្នកវិនិយោគបានចាប់យកឱកាសនេះ តាមរយៈប្រើប្រាស់លំហូរសាច់ប្រាក់ពីប្រាក់ខែ ដើម្បីទទួលកម្ចីពីធនាគារមកធ្វើការវិនិយោគដោយមិនញញើតដៃ។
មនុស្សជាច្រើនភ័យខ្លាចមិនហ៊ានវិនិយោគ នៅពេលមានវិបត្តិបែបនេះទេ។
មហាសេដ្ឋីអចលនទ្រព្យហុងកុង លោក លីកាស៊ីង សម្រុកទិញដីធ្លីនៅអំឡុងពេល ដែលប្រទេសស្ថិតក្នុងវិបត្តិធំៗ ដូចជា នៅពេលមានបដិវត្តន៍វប្បធម៌ និងកុប្បកម្មនៅទីលាន ធានអានមិនជាដើម។
ប្រភពទុនក្នុងការវិនិយោគ គឺលោកទទួលបានពីផលចំណេញនៃការផលិតផ្កាសិប្បនិម្មិត។ ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យថៃ លោក សុងសាក់ឌី អូឡាម បានប្រើចំណូលពីសិប្បកម្ម ផលិតផ្កាសិប្បនិម្មិតទិញដីស្រែប្រាំង និងកសិដ្ឋានចិញ្ចឹមក្រពើ នៅជាយក្រុងបាងកក ក្នុងអំឡុងឆ្នាំ១៩៨៥-១៩៨៦បានចំនួន១៦០ហិកតា។
រយៈពេលប្រមាណ១០ឆ្នាំក្រោយ លោកបានអភិវឌ្ឍជាលំនៅដ្ឋាននិងអគារពាណិជ្ជកម្ម ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
ទី៣ រក្សាបំណុលក្នុងកម្រិតដែលអ្នកអាចគ្រប់គ្រងបាន
លំហូរសាច់ប្រាក់ចូលពីប្រភពទាំងពីរខាងលើ គួរតែស្មើនឹង១៥០% នៃកាតព្វកិច្ចសងបំណុល និងតម្រូវការចាយវាយក្នុងគ្រួសារប្រចាំខែ។
ទី៤ រៀនរស់ក្នុងជីវិតសាមញ្ញ
បើអ្នកមានទម្លាប់រស់នៅសាមញ្ញ នោះអ្នកនឹងមិនមានសម្ពាធផ្លូវចិត្តនៅពេលទីផ្សារជាប់គាំងនោះទេ ព្រោះអ្នកមិនបានរំពឹងយកប្រាក់ ឬផលចំណេញពីការវិនិយោគមកចាយវាយហ៊ឺហារនោះឡើយ៕