សិក្សាហានិភ័យទាំងនេះ ករណីដែលឧស្សាហ៍ជួបជាងគេលើការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យ

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្នុងទិដ្ឋភាពអចលនទ្រព្យ មានរឿងមួយចំនួនដែលអ្នកគួរសិក្សាស្វែងយល់ពីការបោកប្រាស់ ព្រោះវិស័យនេះជាវិស័យមានលំហូរលុយច្រើន ហេតុនេះការបោកប្រាស់ក៏កើតមានផងដែរ។

សូមសិក្សាទៅលើចំណុចទាំងនេះ ដើម្បីត្រៀមបង្ការនូវហានិភ័យ ដែលអាចកើតឡើង។

ប្លង់កម្មសិទ្ធិចំនួនពីរ

ប្លង់រឹង និងប្លង់ទន់ គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយ អាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។

ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។

ករណីនៃការចេញប្លង់ច្រើន លើអចលនទ្រព្យតែមួយនេះ ធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យ ដដែលទៅឲ្យអ្នកទិញច្រើននាក់។

ជាដំណោះស្រាយ

អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។

ការប្រុងប្រយ័ត្នមួយផ្សេងទៀត គឺការពិនិត្យមើលថា តើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះ កាន់កាប់ប្លង់រឹងនោះគឺមានន័យថា រដ្ឋាភិបាលបានចេញប្លង់រឹង ជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយ ដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។

ប្លង់រឹងក្លែងក្លាយ

កាលពីដើមឆ្នាំ២០១៨ កន្លងទៅមានករណីឆបោកលក់ដី ដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ នៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះ បានធ្វើឡើងជាស៊ែរី ហើយម្ចាស់ដីនីមួយៗបានលក់ដី ក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។

ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញា​ណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។

ជាដំណោះស្រាយ

អ្នកទិញអចលនទ្រព្យ គួរធ្វើការផ្ទៀងផ្ទាត់ប្លង់ ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក /ខណ្ឌ អោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។

ដីមានវិវាទ

អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួន ប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។

ដំណោះស្រាយ

ការនិយាយជាមួយអ្នកជិតខាងជាធម្មតា អាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដី ដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។

ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។

ម្ចាស់ក្លែងក្លាយ

អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ ​ដាក់ប្រកាសលក់។ ការឆបោកនេះ ជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។

ដំណោះស្រាយ

អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថា តើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិ គឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។

ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធ នឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here