អ្នកមានធនធានសម្រុកទិញដីវិនិយោគ ស្របពេលអចលនទ្រព្យខេត្តកំពង់ចាមបន្តមានតម្លៃទាប

0

ដោយ៖ សុផារី

ភ្នំពេញ៖ សកម្មភាពទិញលក់អចលនទ្រព្យនៅក្នុងខេត្តកំពង់ចាមហាក់មិនសូវមានកំណើនខ្ពស់ ប៉ុន្តែអ្នកជំនាញមើលឃើញពីសញ្ញាវិជ្ជមាន ក្នុងចំណោមអ្នកមានធានធាន ដែលបានសម្រុកទិញ ក្នុងគោលបំណងដើម្បីផលចំណេញ នាពេលអនាគត។

លោក ថេន ចាន់ថុល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន KW ប្រចាំសាខាខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា ទោះបីជារដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញក្តី សព្វថ្ងៃនេះ សកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តកំពង់ចាម មានសភាពល្អប្រសើរជាងឆ្នាំ២០២១បន្ទិច តែមានសកម្មភាពតិចតួចខ្លាំងណាស់។

លោកថា “បើមើលពីចលនាទិញលក់ដូចជាមិនសូវល្អប៉ុន្មានទេ ដោយសារតែយើងទើបតែបើកប្រទេសថ្មីៗ ធ្វើឱ្យគេមិនសូវចង់ចាយលុយនោះទេ”។

ទោះបីជាប្រតិបត្តិការទិញលក់មិនសូវមានក្តី លោកសង្គេតឃើញថា អ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យនៅតែបន្តសកម្មភាពអភិវឌ្ឍន៍ និងពង្រីកគម្រោងរបស់ខ្លួនបន្តទៀត។ ក្នុងកំឡុងពេលវិបត្តិដែលកំពុងតែប្រឈមនេះ ក៏មានឱកាសល្អ ដែលបាននិងកំពុងតែកើតឡើងផងដែរ នោះគឺនិន្នាការរបស់អ្នកមានធនធាន បានសម្រុកប្រមូលទិញអចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារទុកវិនិយោគ នៅពេលក្រោយ។

លោកថា “ប្រជាជនភាគច្រើនប៉ះពាល់សេដ្ឋកិច្ច ប៉ុន្តែបើនិយាយពីឱកាស សម្រាប់អ្នកមាន។ ជាធម្មតា ពេលមានវិបត្តិនេះ អ្នកដែលគាត់ត្រូវការដោះដូរទ្រព្យអចលនវត្ថុ ដូចជា ដីធ្លី ផ្ទះសម្បែង ជាដើម គាត់ត្រូវលក់ក្រោមតម្លៃទីផ្សារច្រើន ដូច្នេះនេះជាឱកាសសម្រាប់បងប្អូនមានលុយច្រើន”។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ថា រវិសកម្មភាពនិយោគថ្មីៗក្នុងខេត្តកំពង់ចាមនៅបន្តភាពស្ងប់ស្ងាត់ ហើយគម្រោងភាគច្រើនមានលក្ខណៈឯកជន និងខ្នាតតូចៗ។

លោកស្រីក៏សង្គេតឃើញថា មានអ្នកវិនិយោគមួយចំនួនបានចាប់អារម្មណ៍ទៅលើការពុះដីឡូត៍ សម្រាប់សាងសង់ផ្ទះបែបលំហែរ ដោយអតិថិជនភាគច្រើនជាអ្នករស់នៅភ្នំពេញ ទិញទុកសម្រាប់ជាការលំហែនៅពេលចុងសប្ដាហ៍ ឬក៏ពេលបុណ្យទានធំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here