ទីក្រុងរបស់ចិនចំនួន១០០បានចាប់ផ្តើមជំរុញការទិញផ្ទះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះក្នុងវិបត្តិ

0

ដោយៈលាងហួរ

ប្រទេសចិនៈ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលជាសសរស្តម្ភដ៏សំខាន់ នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការរឹតបន្តឹងរបស់រដ្ឋាភិបាល លើការខ្ចីប្រាក់ច្រើនហួសហេតុរបស់អ្នកអភិវឌ្ឍន៍ និងការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាត​ត្បាតកូវីដ១៩។

រហូតមកដល់ពេលនេះ ទីក្រុងជាង១០០បានចាត់វិធានការ ដើម្បីជំរុញតម្រូវការទិញផ្ទះ តាមរយៈការកាត់បន្ថយអត្រាការប្រាក់កម្ចី ការបង់រំលោះតូចៗ និងការឧបត្ថម្ភធនធាន។

ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍របស់អ្នកជំនាញបានអោយដឹងថា ស្ថានភាពអចលនទ្រព្យនៅចិន នៅតែមិនទាន់មានភាពល្អប្រសើរ​​ ដោយសារការអនុវត្ត ការទប់ស្កាត់ជំងឺកូវីដ១៩ យ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងរាប់សិប ដែលធ្វើអោយអ្នកទិញបាត់បង់នូវទំនុកចិត្ត។ បញ្ហាទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ទំនងជានឹងកាន់តែអាក្រក់នៅឆ្នាំនេះ ដោយមិនមានការកើនឡើងនៃតម្លៃផ្ទះពេញមួយឆ្នាំ។

អ្នកវិភាគបាននិយាយថា សារពើភ័ណ្ឌលំនៅដ្ឋានជាតិ ស្ថិតក្នុងកម្រិតខ្ពស់ ជាពិសេសនៅក្នុងទីក្រុងលំដាប់ទី៣ និងទី៤ ដែលប្រឈមមុខនឹងសម្ពាធនៃការស្តុកទុកដ៏ធំ ដោយសារតែតម្រូវការធ្លាក់ចុះ។ ការលក់អចលនទ្រព្យ នៅក្នុងខែមេសា បានធ្លាក់តម្លៃក្នុងល្បឿនដ៏លឿនបំផុត ក្នុងរយៈពេលប្រហែល១៦ឆ្នាំមកនេះ​ បើទោះបីជារដ្ឋចិនមានវិធានការបន្ធូរបន្ថយគោលនយោបាយកូវីដសូន្យបន្ថែមទៀត សំដៅធ្វើឱ្យវិស័យនេះស្ទុះងើបឡើងវិញ។

ធនាគារកណ្តាលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា និយតករហិរញ្ញវត្ថុបានសន្យាថា នឹងរក្សាកំណើនឥណទានឱ្យមានស្ថេរភាពនៅក្នុងវិស័យអចលនទ្រព្យ និងជួយអ្នកទិញផ្ទះដែលរងផលប៉ះពាល់ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីពន្យាពេលការទូទាត់ប្រាក់កម្ចីរបស់ពួកគេ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជនជាច្រើន បាកាត់បន្ថយការបោះទុនវិនិយោគ នៅពេលដែលពួកគេប្រឈមមុខការធ្លាក់ចុះនៃការលក់៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here