ក្រុមហ៊ុនអភិវឌ្ឍន៍ជំពាក់បំណុលច្រើនបំផុតរបស់ចិន Evergrande បានលក់ឡៃឡុងគម្រោងតម្លៃ ២០០លានដុល្លារ

0

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ចិន China Evergrande Group បានលក់លក់គម្រោងលំនៅដ្ឋាន City Light Plaza ក្នុងទីក្រុងនីងប៉ (Ningbo) ភាគខាងកើតប្រទេសចិន ក្នុងតម្លៃប្រមាណ២០០លានដុល្លារអាមេរិក ដើម្បីដោះសងបំណុល និងទុកធ្វើដើមទុនខ្លះ។

ដោយជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យ ដែលជំពាក់បំណុ​លច្រើនបំផុតប្រចាំប្រទេសចិន ជាមួយនឹងបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក Evergrande បាននិងកំពុងត្រដា​បត្រដួសយ៉ាងខ្លាំង នៅក្នុងការសងបំណុលអ្នកផ្គត់ផ្គង់ ម្ចាស់បំណុលរួមមានធនាគារ និងអ្នកទិញមូលបត្របំណុលរបស់ខ្លួន ព្រមទាំងបញ្ចប់គម្រោងដែលជាប់គាំងកណ្ដាលទី។

បណ្ដាសហគ្រាសរដ្ឋបានធ្វើអន្តរាគមន៍ ដើម្បីជួយជ្រោមជ្រែងក្នុងដំណើរការរៀបចំឥណទានឡើងវិញ និងបានគ្រប់គ្រងទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុននេះជាបណ្ដោះអាសន្ន ដើម្បីរម្ងាប់ការព្រួយបារម្ភក្នុងទីផ្សារដែលភ័យខ្លាចក្រុមហ៊ុននេះដួលរលំ។

ការលក់នេះ​ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ហើយគម្រោងលំនៅដ្ឋាន ដែលបច្ចុប្បន្នកំពុងសាងសង់នៅឡើយនេះ នឹងត្រូវផ្ទេរកម្មសិទ្ធិឱ្យទៅក្រុមហ៊ុន Zhejiang Zhejian Real Estate Group និងក្រុមហ៊ុន Zhejiang Construction Engineering Group ។

ក្រុមហ៊ុន Evergrande នឹងទទួលបានសាច់ប្រាក់ប្រមាណ៤៣,៧លានដុល្លារអាមេរិក ដោយប្រាក់មួយចំនួន នឹងត្រូវយកទៅដោះសងបំណុល ហើយសល់ប៉ុន្មានទុកធ្វើដើមទុន។

ក្រុមហ៊ុន Evergrande បាននិយាយថា ខ្លួនរំពឹងថាការលក់នេះនឹងទទួលបានប្រាក់ចំណេញ ប្រមាណ២៦លានដុល្លារអាមេរិក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here