ដោយៈ សហការី
ភ្នំពេញៈ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃខណ្ឌជ្រោយចង្វារ រួមមាន ទីក្រុងរណប Garden City ទីក្រុងរណបជ្រោយចង្វារ គម្រោងខុនដូ បុរី និងដីឡូតិ៍ជាដើម បានជំរុញឱ្យតម្លៃដីធ្លី បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ខណ្ឌជ្រោយចង្វារ មានទីតាំងស្ថិតនៅភាគខាងជើង នៃទីក្រុងភ្នំពេញ ដែលមានផ្ទៃដីសរុបជាង៨៥គីឡូម៉ែត្រការ៉េ ហើយចែកចេញជា៥សង្កាត់គឺ សង្កាត់ជ្រោយចង្វារ បាក់ខែង ព្រែកលៀប កោះដាច់ និងព្រែកតាសេក។ ក្នុងនោះ ដីធ្លីក្នុងសង្កាត់ពីរគឺ សង្កាត់បាក់ខែង និងកោះដាច់ មានអត្រាក្នុងការឡើងថ្លៃខ្ពស់ប្រចាំឆ្នាំ។
លោក ម៉ែន វិជ្ជាកា នាយកសាខាក្រុមហ៊ុន Century 21 Zillion Holding មានប្រសាសន៍ថា តម្លៃដីនៅខណ្ឌជ្រោយចង្វារ បានបន្តកើនឡើង ដោយសារតែមានលំហូរ នៃការអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងតំបន់នេះ ជាពិសេសគម្រោងបុរី និងខុនដូ។
លោកបានបន្តថា ក្នុងខណ្ឌជ្រោយចង្វារមានសង្កាត់ចំនួនពីរ ដែលតម្លៃដីទាបជាងសង្កាត់ចំនួនបីផ្សេងទៀត គឺសង្កាត់បាក់ខែង និងកោះដាច់។ តម្លៃដីនៅបាក់ខែងអាចរកបានពី២០០ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅតាមដងផ្លូវធំៗ និងពី៨០ ទៅ៣០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅតាមផ្លូវលំតូចៗ ខណៈតម្លៃដីនៅកោះដាច់ មានតម្លៃចាប់ពី៥០ ទៅ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំងនិមួយៗ។
លោកបានបន្ថែមថា “តម្លៃដីក្នុងសង្កាត់ទាំងពីរនេះ មានអត្រាក្នុងការឡើងថ្លៃខ្ពស់ប្រចាំឆ្នាំ”។
សង្កាត់ចំនួនបីផ្សេងទៀត ដូចជា សង្កាត់ជ្រោយចង្វារមានតម្លៃដីចាប់ពី៨០០ ទៅ៣៥០០ដុល្លារ ព្រែកលៀប២០០ ទៅ២៥០០ដុល្លារ និងព្រែកតាសេក៨០ ទៅ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំងសក្តានុពលរបស់សង្កាត់នីមួយៗ៕