អ្នកជំនាញបង្ហើបពីបណ្តាខេត្តមួយចំនួនបន្តមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់លើការវិនិយោគវិស័យដីធ្លី

0

ដោយៈសុផារី

ភ្នំពេញៈ សកម្មភាពលើវិស័យអចលនទ្រព្យ ត្រូវបានមើលឃើញថា មានសកម្មភាពល្អប្រសើរឡើងបណ្តើរៗ ជំរុញដោយការបើកសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវការបន្តសកម្មភាពអភិវឌ្ឍន៍ និងលំហូឬវិនិយោគ។

អ្នកជំនាញបានអះអាងថា ស្របពេលជាមួយគ្នានេះ ខេត្តមួយចំនួននៅតែបន្តមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងអាចផ្តល់នូវផលចំណេញបានច្រើននាពេលអនាគត។

លោកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍បញ្ជាក់កាលពីចុងសប្តាហ៍មុនថា ខេត្តដែលមានការអភិវឌ្ឍ និងគួរសម្លឹងមើលឱកាសវិនិយោគ មានខេត្តមួយចំនួណដែលមានសក្តានុពលនៃតំបន់បួនប្រភេទ រួមមាន តំបន់ពាណិជ្ជកម្ម តំបន់លំនៅឋាន តំបន់រីសត និងតំបន់កសិកម្ម។

បើតាមការបញ្ជាក់ពីលោកស្រី តំបន់ទី១គឺ “តំបន់រីសត” ជាទូទៅមាននៅក្នុងខេត្តកំពត និងខេត្តកែប និងខេត្តថ្មីមួយទៀត ដែលកំពុងតែមានសក្តានុពលថ្មីគឺ ខេត្តមណ្ឌលគិរី ដែលអ្នកវិនិយោគគួរសម្លឹងមើល។

ក្រៅពីនេះ តំបន់ទី២ “តំបន់ពាណិជ្ជកម្ម ឬតំបន់សេដ្ឋកិច្ច” គួរសម្លឹងមើលខេត្តកំពង់ស្ពឺ ដោយសារខេត្តមួយនេះ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានកំពង់ផែទឹកជ្រៅ ហើយខេត្តមួយនេះ មានតម្រូវការការសាងសង់ ជាតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច និងឃ្លាំងច្រើន។

លោកស្រីបន្តថា តំបន់ទី៣ “តំបន់លំនៅឋាន” អ្នកវិនិយោគគួរសម្លឹងមើលខេត្តមួយចំនួន ជាពិសេស ខេត្តកំពត កំពុងពេញនិយមលើប្រភេទផ្ទះលំហែ និងផ្ទះវិស្សមកាល។

ចំណែកតំបន់ទី៤ “តំបន់កសិកម្ម” ដោយសារតែកំណើនសក្តានុពលវិនិយោគពីក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក ដែលមានបំណងចង់នាំចេញផលិតផលកសិកម្មមួយចំនួន ដូចជា ស្វាយចន្ទី ម្រេច ជាដើមទៅកាន់ក្រៅប្រទេស។

ជាមួយគ្នានេះ លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ផងដែរថា ខេត្តដែលបន្តមានសក្តានុពលខ្ពស់លើការវិនិយោគដីធ្លី និងអចលនទ្រព្យ រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តមណ្ឌលគិរី នៅបន្តមានកំណើនតម្លៃដីធ្លីខ្ពស់។

លោកឧកញ៉ាថា ខេត្តបីនឹងកំពុងតែងើបខ្លាំងមែនទែន ដោយសារមានអ្នកវិនិយោគជាច្រើនបានស្វែងរកទិញដី ពួកគាត់មានការចូលចិត្តទេសភាព និងអាកាសធាតុនៅក្នុងខេត្តទាំងនោះ ទើបធ្វើឱ្យមានតម្រូវការដីធ្លីបន្ថែម។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL បានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីរាជធានីភ្នំពេញ ខេត្តដែលបន្តមានសកម្ម​ភាពទិញលក់ខ្ពស់ មានដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប ខេត្តមណ្ឌលគិរី និងខេត្តជុំវិញក្រុងភ្នំពេញ ដូចជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ជាដើម។

លោកឧកញ៉ាបន្តថា “ខេត្តសំខាន់ៗ ដែលកំពុងលើកមុខមាត់ប្រទេសកម្ពុជា ដូចជា ខេត្តព្រះសីហនុជាច្រើន មានកំណើនតម្លៃដីធ្លីខ្លាំងក្លាណាស់ ហើយប្រសិនបើបងប្អូន បានទៅទស្សនាក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ នោះនឹងប្លែកចិត្តស្ទើរមិនជឿថា នេះគឺជាក្រុងព្រះសីហនុនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here