ដោយ: សុផារី
ភ្នំពេញ: និន្នាការរស់នៅក្នុងអាគារសហកម្មសិទ្ធិ ឬខុនដូ កាន់តែមានភាពពេញនិយម នៅក្នុងស្រទាប់ប្រជាជនកម្ពុជា ដែលបង្ហាញតាមរយៈកំណើនការអភិវឌ្ឍអាគារខុនដូថ្មីៗជាច្រើនក្នុងក្រុងភ្នំពេញ។
ស្របពេលល្បឿនការអភិវឌ្ឍន៍មានសន្ទុះខ្លាំងក្លា តម្រូវការហាក់មានការកើនយឺត ខណៈទីផ្សារបន្តប្រឈមវិបត្តិកូវីដ១៩។ តើការសាងសង់ខុនដូនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ពិតជាឆ្លើយតបនឹងតម្រូវការទីផ្សារពិតមែនឬ?
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែឧសភានេះថា តម្រូវការក្នុងវិស័យខុនដូ ពិតជាមានការកើនឡើង ស្របពេលដែលការផ្គត់ផ្គង់ក៏មានសន្ទុះផងដែរ។
លោកថា “សម្រាប់អ្នកវិនិយោគ ឬអ្នកសាងសង់ យើងសាងសង់ទៅរំពឹងថាគេមកទិញយើង ឬមានតម្រូវការហើយទើបសាងសង់។ ជាធម្មតា យើងមិនអាចយកលុយទៅកប់ចោលបានទេ មែនទេ? បើកប់លុយ៥ឆ្នាំ ១០ឆ្នាំ យកលុយនេះធ្វើអ្វីផ្សេង វាល្អប្រសើរជាង”។ លោកបន្តថា “ដោយសារតែ អ្នកវិនិយោគទាំងនោះដឹងថា មានតម្រូវការហើយ ទើបគាត់សាងសង់ ដែលជំរុញឱ្យមានការរីកចម្រើន ក្នុងវិស័យអចលនទ្រព្យ ជាពិសេសក្នុងវិស័យខុនដូ”។
ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ខុនដូកាន់តែមានភាពទំនើប និងស្អាតជាងមុន។ ជាក់ស្តែងបច្ចុប្បន្ននេះ មានខុនដូប្រភេទ Penthouse ដែលមានតម្លៃប្រហែល៧លានដុល្លារ ដល់១០លានដុល្លារក្នុងមួយយូនីតនៅក្នុងទីផ្សារ។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ប្រាប់ Property Area Asia ថា ការផ្គត់ផ្គង់ខុនដូនៅក្នុងក្រុងភ្នំពេញ ពិតជាមានកំណើនខ្ពស់ពិតមែន តែការលក់របស់គម្រោងទាំងឡាយណា ដែលសិក្សាពីតម្រូវការជាក់ស្តែងច្បាស់លាស់ នៅតែអាចបន្តទទួលបានភាពជោគជ័យ។
អ្នកនាងថា “ទាក់ទងនឹងចំនួនវាជាការពិត គឺពិតជាមានច្រើន ប៉ុន្តែ ប្រសិនបើគម្រោងនេះធ្វើការសាងសង់ ដោយបានសិក្សា និងយល់ច្បាស់ពីតម្រូវការរបស់អ្នកទិញ គាត់នៅតែអាចបន្តលក់បាន”។ អ្នកនាងបន្តថា “ជាពិសេស គម្រោងមួយចំនួននៅតែជោគជ័យខ្លាំងផងដែរ ដោយសារគាត់បានសិក្សាស្វែងយល់ពីអ្នកទិញ ជាពិសេសអ្នកទិញក្នុងស្រុក ដែលជាទូទៅ តែងតែទិញ ដើម្បីចូលរស់នៅដោយខ្លួនឯង ជាជាងអ្នកទិញទុក ដើម្បីវិនិយោគ”។
អ្នកនាងកេសាបានបន្តថា ជាធម្មតាទេ ការផ្គត់ផ្គង់នៅក្នុងស្រុក មានការកើនឡើងលឿនជាងតម្រូវការ។ ល្បឿននៃការទិញ មិនទាន់ល្បឿននៃការផ្គត់ផ្គង់ថ្មីនៅឡើយ។
អ្នកនាងបញ្ជាក់ថា អ្នកនាងមិនអាចអះអាងថា នេះជាការផ្គត់ផ្គង់លើសសម្រូវការនោះទេ។ ទោះបីជាយ៉ាងណាក្តី បើតាមការលើកឡើងរបស់អ្នកនាងកេសា នៅក្នុងឆ្នាំ២០២១ អ្នកអភិវឌ្ឍន៍បានធ្វើការបន្ថយល្បឿន ដែលអនុញ្ញាត ឱ្យទីផ្សារខុនដូប្រើប្រាស់ពេលមួយឆ្នាំ ដើម្បីស្រូបយកទាំងអ្នកទិញក្នុងស្រុក និងអ្នកទិញបរទេសផងដែរ៕