ដោយៈវឌ្ឍនៈ
ភ្នំពេញៈ អ្នកជំនាញ នៃវិស័យដីធ្លី២រូបមកពីប្រទេសថៃ និងវៀតណាមបានមកដល់កម្ពុជា និងបានបង្ហាញពីសញ្ញាល្អ នៃការវិនិយោគអចលនទ្រព្យនៅកម្ពុជាជាពិសេសទៅលើវិស័យដីធ្លី ក្នុងពេលបច្ចុប្បនិងអនាគត។
នៅក្នុងកិច្ចសម្ភាសន៍មួយ កាលចុងសប្ដាហ៍កន្លងទៅនេះ លោកឡុង ចាហ៊ង តំណាងក្រុមហ៊ុន KW Vietnam បានមានប្រសាសន៍ក្នុងគ្រាដែលលោកមកដល់កម្ពុជាដំបូង ដោយលោកបានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល មិននឹកស្មានថាកម្ពុជា មានការអភិវឌ្ឍបែបនេះ ហើយលោកក៏បានមើលឃើញ ពីឱកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើនផងដែរ ។
លោកបន្តថា “តាមរយៈការជជែកជាមួយមិត្តភក្ដិកម្ពុជា ឃើញថាកម្ពុជាពិតជាមានសក្ដានុពល និងទាក់ទាញខ្លាំង ក្នុងនោះដែរច្បាប់វិនិយោគថ្មីរបស់កម្ពុជា អាចធ្វើឱ្យវិនិយោគិនបរទេស មានទំនុកកាន់តែខ្លាំងទៅលើការវិនិយោគអចលនទ្រព្យ”។
លោកឡុង ចាហ៊ងបានបន្តថា ក្រៅពីនេះស្ថេរភាពនៃសេដ្ឋកិច្ច ក៏ជាកត្តាសំខាន់មួយ ក្នុងការទាក់ទាញការបណ្ដាក់ទុនវិនិយោគពីប្រទេស ជាមួយកំលាំងពលកម្ម ក្នុងស្រុកក៏មានសក្ដានុពល ខ្ពស់បន្ថែមទៀតនោះនឹងជំរុញឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខនេះ ។
លោកជឿជាក់ថា “កម្ពុជានឹងទទួលបាននូវការវិនិយោគ លើវិស័យដីធ្លីនិងអចលនទ្រព្យទាំងមូល ពីវិនិយោគិនមកពីគ្រប់ទិសទី ជាពិសេសវិនិយោគិនមកពីប្រទេសសមាជិកអាស៊ាន”។
ដោយឡែកអ្នកជំនាញដីធ្លីមកពីប្រទេសថៃ លោក Vit Kultanvipas តំណាង KW Thailand ក៏បានឱ្យដឹងថា កំណើនអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ រយៈពេល១០ឆ្នាំចុងក្រោយនេះ លោកមើលឃើញថា មានកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន GDP ជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ បានធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញ និងមានអ្នកចង់មកបណ្ដាក់ទុនវិនិយោគកាន់តែច្រើន។
លោកបន្តថា នៅពេលខាងមុខនេះ កម្ពុជានិងប្រទេសថៃ នឹងមានកិច្ចសហប្រតិបត្តិការ កាន់តែច្រើនជិតស្និទ្ធ ជាពិសេសនោះគឺការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងថៃ។ លោកបន្តថា បច្ចុប្បន្ននេះដែរ រដ្ឋាភិបាលទាំងពីរក៏បាន និងកំពុងបង្កើនទំនាក់ទំនង កាន់តែខ្លាំងថែមទៀតរួចហើយ តាមរយៈការបើកច្រកព្រំដែន ការតភ្ជាប់ផ្លូវដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវដែក ដើម្បីឱ្យការដឹកជញ្ជូនកាន់តែលឿន ហើយនៅពេលនោះដែរវិនិយោគិនបរទេស អាចនឹងចូលមកកម្ពុជាបន្ថែមទៀត ក្នុងការស្វែងរកការវិនិយោគនានាដែលមានសក្ដានុពលខ្ពស់៕