ដោយៈ សុផារី
ឧត្តរមានជ័យៈ ខេត្តឧត្តរមានជ័យមានទីតាំង ស្ថិតនៅបណ្ដោយខ្សែព្រំដែនប្រទេសកម្ពុជា-ថៃ ដែលជាច្រកមានសកម្មភាពពាណិជ្ជកម្មច្រើនគួរសម ប៉ុន្តែយ៉ាងណាក្តី សកម្មភាពវិនិយោគអចលនទ្រព្យ នៅក្នុងខេត្តមួយនេះមានសភាពយឺតយ៉ាវ ដោយអ្នកជំនាញអះអាងថា កត្តាបីបានធ្វើឱ្យវិស័យនេះមានសន្ទុះអភិវឌ្ឍន៍តិច។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃទី៣១ ខែឧសភានេះ ថា វិស័យអចលនទ្រព្យ នៅក្នុងខេត្តឧត្តរមានជ័យ មានការរីកចម្រើនដែរ តែនៅមិនទាន់មានសន្ទុះខ្លាំងណាស់ណានោះទេ។
យ៉ាងណាក្តី លោកឧកញ៉ាមានប្រសាសន៍ថា “កំណើនអភិវឌ្ឍន៍អច លនទ្រព្យនៅក្នុងតំបន់នេះ អាស្រ័យលើគោលនយោបាយរដ្ឋាភិបាល ដោយបច្ចុប្បន្ននេះ រដ្ឋាភិបាលបានមានចក្ខុវិស័យអភិវឌ្ឍន៍វែងឆ្ងាយ និងសក្តានុពលតំបន់ជនបទ ដែលមានការតភ្ជាប់រវាងទីប្រជុំ តាមរយៈការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា”។
លោកនួន រិទ្ឋីបានបញ្ជាក់ថា ចំណុចសំខាន់មួយទៀត គឺការបង្កើតការងារ និងការផ្គត់ផ្គង់មួយចំនួននៅក្នុងតំបន់ ដែលនឹងនាំឱ្យមានការរីកចម្រើន។ លោកឧកញ៉ាបានបន្តថា “តំបន់មានការរីកចម្រើន តែឱ្យមានសន្ទុះខ្លាំងក្លានៅមិនទាន់មានទេ ប៉ុន្តែរដ្ឋាភិបាលប្រឹងប្រែងជំរុញណាស់ ពាក់ព័ន្ធនឹងគោលនយោបាយកំណត់ជាតំបន់អភិវឌ្ឍន៍ ក៏ដូចជាការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងតំបន់ពីតូចទៅធំ បានជម្រុញឱ្យអចលនទ្រព្យមានកំណើនច្រើនណាស់ដែរ”។
លោក ថន វីរៈ ប្រធានផ្នែកលក់ក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានទីតាំងនៅក្នុងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី១ ខែមិថុនានេះថា សកម្មភាពអចលនទ្រព្យនៅក្នុងខេត្តឧត្តរមានជ័យ មិនសូវមានសកម្មភាពច្រើននោះទេ។ ភាគច្រើនមានត្រឹមតែគម្រោងអភិវឌ្ឍន៍ដីឡូត៍ទំហំតូចៗ នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ចំនួនពីរតែប៉ុណ្ណោះ គឺព្រំដែនអូរស្មាច់ និងព្រំដែនជប់គគីរ។
លោក វីរៈ បញ្ជាក់ថា “នៅក្នុងខេត្តព្រំដែនមួយនេះ សកម្មភាពអភិវឌ្ឍលើវិស័យលំនៅឋាន អាគារខ្ពស់ៗ នៅមិនទាន់មាននៅឡើយទេ”។
លោកបន្តថា សកម្មភាពទិញលក់អចលនទ្រព្យ នៅក្នុងពេលបច្ចុប្បន្ននេះ នៅមានកម្រិតនៅឡើយ ដោយសារកត្តាចំនួនបី។ កត្តាទី១ ចំនួនប្រជាជននៅមានតិចតួច កត្តាទី២ ចំនួនក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យនៅមានចំនួនតិចតួចហើយ កត្តាទី៣ ការផ្លាស់ប្ដូរផ្នត់គំនិត និងបែបផែនការរស់នៅរបស់ប្រជាជននៅក្នុងមូលដ្ឋានមានការលំបាក។
លោកបន្តថា “ប្រជាជននៅទីនេះមានចំនួនតិច ហើយការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន ឱ្យមានបែបផែនការរស់នៅដូចបណ្តាខេត្តផ្សេង ដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ ជាដើម មានការលំបាក”៕