ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា កម្ពុជាមានទីតាំងដ៏ល្អ ស្ថិតនៅចំចំណុចកណ្តាលនៃអាស៊ាន ដែលសមស្របបំផុតក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបោះទីតាំងជាការិយាល័យកណ្តាលរបស់ខ្លួន។
អគ្គនាយកក្រុមហ៊ុន Coldwell Banker លោក Ken Lo មានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ មិថុនាកន្លងមកថា បើគិតក្នុងតំបន់អាស៊ាន ការហោះហើរពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ ចំណាយពេលមិនលើស១ម៉ោងឡើយ ហើយបើទៅកាន់បណ្តាប្រទេសអាស៊ានដទៃទៀត ការហោះហើរពីកម្ពុជា ចំណាយពេលមិនលើស២ម៉ោងនោះទេ។
លោកបន្តថា “ភាពអំណោយផលផ្នែកទីតាំងភូមិសាស្រ្តនេះ នឹងធ្វើ់ឲ្យក្រុមហ៊ុនអន្តរជាតិធំៗ មកបោះការិយាល័យកណ្តាល នៅកម្ពុជាច្រើននាពេលអនាគត”។ លោកបន្តថា “ហេតុនេះអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិគួរតែបន្តវិនិយោគសាងសង់ អគារការិយាល័យលំដាប់A ព្រោះចំនួនអាគារការិយាល័យនៅកម្ពុជាមានកម្រិតនៅឡើយ”។
នៅរាជធានីភ្នំពេញ មានអាគារការិយាល័យលំដាប់ A ចំនួនតិចជាង១០ប៉ុណ្ណោះ ដែលអាគារការិយាល័យលំដាប់ A ទាំងនោះមាន ដូចជា វិមាន វឌ្ឈនៈ អាគារ Exchange Squares អាគារស្ថាបនា ដែលវិនិយោគដោយជប៉ុនជាដើម។
លោក Ken Lo បានបន្តថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត កំនើនសេដ្ឋកិច្ចរ៉ឹងមាំ និងការចាយវាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ សុទ្ឋតែអំណោយផល ដល់ការវិនិយោគពីក្រុមហ៊ុនអន្តរជាតិ ដែលពួកគេនឹងមកបោះទីតាំងនៅកម្ពុជានាពេលអនាគត។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា កម្ពុជាពិតជាមានភាពអំណោយផល ក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិមកបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួន ដោយសារយើងស្ថិតនៅចំណុចកណ្តាលនៃអាស៊ាន កំលាំងពលកម្មនៅមានតម្លៃថោក តម្លៃជួលការិយាល័យនៅមានតម្លៃល្អ ដីធ្លីនៅល្អធៀបជាមួយប្រទេសជិតខាង។
លោកបន្តថា “អ្វីដែលយើងប្រឈម និងមិនទាន់ទាក់ទាញក្រុមហ៊ុនធំៗ ជ្រើសរើសជាការិយាល័យកណ្តាលរបស់ខ្លួន គឺកង្វះការផ្សព្វផ្សាយពីសក្តានុពលកម្ពុជា និងធនធានមនុស្សរបស់យើងនៅមានកម្រិត”។ លោកបន្តថា “ធនធានមនុស្សរបស់យើង ដែលជាក្រុមហ៊ុនគិតធំៗ នៅមានចំនួនទាបនៅឡើយ ជាហេតុធ្វើឲ្យក្រុមហ៊ុនអន្តរជាតិធំៗ មិនទាន់សម្រេចចិត្តមកកម្ពុជា”៕