អ្នកជំនាញបង្ហាញមូលហេតុដែលកំពង់ចាមមិនសូវមានការអភិវឌ្ឍសំណង់អាគារខ្ពស់ៗ

0

ដោយ: សុផារី

កំពង់ចាម: ខេត្តកំពង់ចាម ជាខេត្តធំ ដែលមានសកម្មភាពមិនចាញ់ខេត្តផ្សេងឡើយ។ ប៉ុន្តែសកម្មភាពអចលនទ្រព្យមួយ បែរជាមិនសូវមានសកម្មភាពច្រើន ហើយមិនសូវជាមានសំណង់អាគារខ្ពស់ៗ ច្រើននោះឡើយ។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា តម្លៃដីនៅក្នុងខេត្តកំពង់ចាម នៅមានតម្លៃធូរៗនៅឡើយ ហើយមានការពុះដីឡូត៍ច្រើន។

លោកស្រីបន្តថា “ដីនៅកំពង់ចាមនៅសល់ធំទូលាយច្រើន ប៉ុន្តែនៅកំពង់ចាមមិនទាន់មានគម្រោង លំនៅឋានធំៗនិងខុនដូរនៅឡើងទេ”។

បើតាមការបញ្ជាក់របស់លោកស្រី មូលហេតុដែលខេត្តកំពង់ចាមនៅមិនទាន់មានការវិនិយោគ លើសំណង់អាគារខ្ពស់ៗ ដោយសារមិនសូវមានតម្រូវការច្រើនឡើង ដោយសព្វថ្ងៃនេះមានគម្រោងតូចៗ ដើម្បីបំពេញតម្រូវការគ្រប់គ្រាន់ហើយ។

ម្យ៉ាងទៀត ខេត្តកំពង់ចាម មានទីតាំងនៅជិតរាជធានីភ្នំពេញ ស្រាប់ទៅហើយ ហើយប្រជាជនក្នុងខេត្តនិយមទៅវិនិយោគ នៅក្នុងរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតច្រើនជាង។

លោកស្រីបន្តទៀតថា “អាចថានៅកំពង់ចាម មកដល់បច្ចុប្បន្នមានគម្រោងតូចៗច្រើនហើយ និងកំពង់ចាមនៅជិតភ្នំពេញដែរ ហើយឃើញថា អ្នកកំពង់ចាមមកទិញ វិនិយោគនៅភ្នំពេញច្រើនដែរ”។

សហស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលឧស្សាហ៍ធ្វើដំណើរកាត់ក្រុងកំពង់ចាម ដើម្បីទៅកាន់ស្រុកកំណើតរបស់ខ្លួនក្នុងខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងមួយ សំណង់អាគារពាណិជ្ជកម្មមួយ ទាមទារនូវកត្តាសំខាន់ៗចំនួន៣ ទី១ គឺទីតាំងភូមិសាស្រ្ត ដែលមិនទាន់មានភាពអំណោយផល ដល់លការវិនិយោគំរោងធំៗ និងខ្ពស់ៗនៅឡើយ ទី២ កត្តាប្រជាជននៅមូលដ្ឋាន ពិសេសប្រ​ជាជនរស់នៅក្រុងកំពង់ចាម នៅមានចំនួនតិច។

ទី៣ ក្រុងកំពង់ចាមមិនមានក្រុមហ៊ុនច្រើន បោះទីតាំងវិនិយោគនៅឡើយ និងទី៤ ជាទីក្រុងសស្អាត ប៉ុន្តែមិនទាន់ទាក់ទាញទេសចរណ៍ និងការស្នាក់នៅច្រើននៅឡើយ ដោយសារការផ្សព្វផ្សាយនៅមានកម្រិត និងជាតំបន់ដែលគេនិយមឆ្លងកាត់ច្រើនជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here