វិបត្តិសេដ្ឋកិច្ចបន្ថយទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគលើអចលនទ្រព្យក្នុងខេត្តសៀមរាប

0

ដោយ: សុផារី

ភ្នំពេញ: ក្រោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែងត្រូវបានដាក់សម្ពាធ ការអភិវឌ្ឍអចលនទ្រព្យខេត្តសៀមរាប ហាក់មានសកម្មភាពកម្រើកមួយកម្រិត។

ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញមូលដ្ឋានមើលឃើញថា ការកម្រើកនេះនៅមានកម្រិតតិចតួច ព្រោះអតិថិជនហាក់នៅព្រួយបារម្ភ ពីបញ្ហាសេដ្ឋកិច្ចនៅឡើយ។

លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW Siem Reapបានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី០៤ ខែមិថុនានេះថា ក្រោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដាក់ឱ្យប្រើប្រាស់រួចរាល់ ឃើញថាសកម្មភាពសេដ្ឋកិច្ច និងអចលនទ្រព្យក្នុងខេត្តសៀមរាប ហាក់មានភាពល្អប្រសើរឡើងវិញបន្តិច តែនៅមិនទាន់មានសក​ម្មភាពច្រើនទេ។

លោកសុធារ៉ាបានបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្កជាភាពមិនប្រាកដប្រជា លើវិស័យសេដ្ឋកិច្ច ក៏ដូចជាអចលនទ្រព្យនៅកម្ពុជា។ កត្តានេះហើយបណ្តាលឱ្យអតិថិជន ដែលមានបំណងវិនិយោគនៅក្នុងខេត្តសៀមរាប ហាក់នៅមិនទាន់ជឿជាក់ខ្លាំងនៅឡើយ។

លោកមានប្រសាសន៍ថា “អតិថិជន និង អ្នកវិនិយោគហាក់មិនទាន់ជឿជាក់ ជាមួយស្ថានភាពមិនប្រាកដប្រជា នៃការត្រឡប់មកវិញនៅទេស​ចរណ៍ និងបញ្ហាវិបត្តិពិភពលោក ជាក់ស្តែងរឿងសង្គ្រាមរុស្សី និងអ៊ុយក្រែន”។

ទោះបីជាយ៉ាងនេះក្តី ស្របពេលជាមួយគ្នានេះ អ្នកជំនាញរូបនេះស ង្កេតឃើញថា សកម្មភាពទេសចរណ៍ ចាប់ផ្តើមត្រលប់មកវិញបណ្តើរៗ ការទិញ លក់ ជួលទីតាំងប្រកបអាជីវកម្ម មានការកើនឡើងខ្លះៗដែរ។

លោកបន្តថា “មានអាជីវកម្មជាច្រើន បានបើកដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ និងមានទីតាំងថ្មីៗជាច្រើនគួរសម ត្រូវបានជួល ឬលក់”។

អ្នកជំនាញអចលនទ្រព្យជាច្រើនរូប បានបង្ហាញពីក្តីបារម្ភថា វិស័យអចលនទ្រព្យកម្ពុជា អាចនឹងត្រូវការពេលបន្ថែមទៀត ដើម្បីត្រលប់មករកប្រក្រតីភាពដូចមុនកូវីដ១៩។ ភាពមិនប្រាកដប្រជា នៃវិបត្តិសកលទាំងពីរ បានធ្វើឱ្យសន្ទុះការងើបឡើងវិញ ហាក់មានល្បឿនយឺតខ្លាំង ហើយមានភាពលំបាកក្នុងការព្យាករណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here