ដោយៈ សុខុម
អន្តរជាតិ: ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញ Marriott បានប្រកាសថា ខ្លួននឹងចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីធ្វើប្រតិបត្តិការ២៥ឆ្នាំ ដោយលើកឡើងថា ការរឹតបន្តឹងរបស់លោកខាងលិច បានធ្វើឱ្យខ្លួន “មិនអាច” បន្តប្រតិបត្តិការនៅទីនោះទៀតបាន។
ក្រុមហ៊ុននេះ បានបិទការិយាល័យរបស់ខ្លួន នៅទីក្រុងមូស្គូ ហើយបានផ្អាកការវិនិយោគក្នុងប្រទេសរុស្ស៊ី កាលពីខែមីនា ក្រោយពីរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ខែមិថុនា។
ទោះជាយ៉ាងណា សណ្ឋាគារទាំង២២ទីតាំង របស់ក្រុមហ៊ុនអាមេរិក មួយនេះនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគ្រប់គ្រងដោយភាគីទី៣ ហើយនៅតែបើកដំណើរការធម្មតា។
ក្រុមហ៊ុនបដិសណ្ឋារកិច្ច Marriott និយាយថា ដំណើរការនៃការផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី គឺមានភាពស្មុគស្មាញណាស់។
ប៉ុន្តែតាមរយៈសេចក្តីថ្លែងការណ៍ ក្រុមហ៊ុននេះលើកឡើងថា “យើងយល់ឃើញថា ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ នឹងធ្វើឱ្យ Marriott មិនអាចបន្តប្រតិបត្តិការ ឬ លក់សិទ្ធិអាជីវកម្មសណ្ឋាគារ (Franchise) នៅក្នុងទីផ្សាររុស្ស៊ី ទៀតបាន”។
ក្រុមហ៊ុននេះបានគូសបញ្ជាក់ថា ខ្លួននៅតែ “ផ្តោតយកចិត្តទុកដាក់ចំពោះសហការីរបស់យើង នៅប្រទេសរុស្ស៊ី” ហើយបាននិងកំពុងគាំទ្របុគ្គលក្នុងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ឱ្យទទួលបានការងារនៅ Marriott៕ BBC៕