ឆ្នាំ២០២២ កំណើនអត្រាប្រជាជនក្នុងស្រុកទិញខុនដូមានចំនួនកាន់តែច្រើន

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មុនវិបត្តិកូវីដ១៩ អត្រានៃជនបរទេសទិញខុនដូស្នាក់ និងវិនិយោគនៅកម្ពុជាមានចំនួនច្រើន ធៀបនឹងប្រជាជនក្នុងស្រុក តែមកដល់ឆ្នាំ២០២២នេះ អត្រានៃប្រជាជនកម្ពុជាទិញខុនដូស្នាក់នៅ និងវិនិយោគមានចំនួនច្រើនជាងជនបរទេសទាំងវិញ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ខុនដូត្រូវបង្វែរការអភិវឌ្ឍតម្រូវនឹងប្រជាជនក្នុងស្រុកវិញម្ដង។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៦ មិថុនាថា សម្រាប់ការលក់ខុនដូក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ឃើញថា ប្រជាជនក្នុងស្រុកមានចំនួនច្រើនជាងប្រជាជនបរទេសដែលទិញខុនដូ ក្នុងនោះរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២២នេះ ប្រជាជនក្នុងស្រុកដែលទិញខុនដូ តាមរយៈក្រុមហ៊ុនរបស់លោកមានអត្រា រហូតដល់៩៧ភាគរយឯណោះ ដែលអត្រានេះគឺខ្ពស់មែនទែន ។

លោកបន្តថា “ប្រជាជនកម្ពុជាដែលចាប់អារម្មណ៍ និងទិញខុនដូស្នាក់នៅ ក៏ដូចជាវិនិយោគភាគច្រើនជាយុវជន ដែលធ្លាប់ទៅសិក្សានិងរស់នៅក្រៅប្រទេស ឬអ្នកធ្លាប់ចេញចូលក្រៅប្រទេសញឹកញាប់”។លោកបន្តថា “ពួកគាត់បានមើលឃើញ ពីការរស់នៅក្នុងខុនដូនៃប្រទេសគេ គាប់ជួនប្រទេសកម្ពុជា ចាប់ផ្ដើមមានការអភិវឌ្ឍខុនដូច្រើនផងដែរនោះ ទើបធ្វើឱ្យពួកគេបានទិញខុនដូ និងខ្លះទិញសម្រាប់ទុកវិនិយោគ កាន់តែមានចំនួនច្រើនឡើងៗ”។

លោកខន គង្គាបានឱ្យដឹងទៀតថា កត្តាដែលប្រជាជនជាពិសេសយុវវ័យដែលទើបរៀបការថ្មីថ្មោង ជ្រើសរើសយកខុនដូសម្រាប់ការស្នាក់នៅរបស់ខ្លួននោះ គឺដោយសារតែតម្លៃដី និងផ្ទះនៅកណ្ដាលក្រុងកាន់តែមានតម្លៃខ្ពស់ ហើយបើចង់រស់នៅផ្ទះជាប់ដី ត្រូវទៅរកនៅតំបន់ជាយក្រុងនិងត្រូវធ្វើដំណើរមកកាន់កន្លែងធ្វើការយូរ ។ ម្យ៉ាងទៀតស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញ កាន់តែស្ទះជារៀងរាល់ថ្ងៃ ។

លោកបន្តថា “អ្វីដែលពិសេសនោះ គឺការរស់នៅក្នុងខុនដូគឺមានអ្វីៗគ្រប់យ៉ាងរួចទៅហើយ រួមមានផ្សារទំនើប កន្លែងហាត់ប្រាណសួនកម្សាន្ត មន្ទីរពេទ្យ និងជាកន្លែងស្នាក់នៅបែបឯកជន ស្ងប់ស្ងាត់អត់មានអ្នករំខានច្រើន”។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia ក៏បានលើកឡើងផងដែរថា ថ្វីត្បិតតែស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា យើងមានភាពល្អប្រសើរ តែស្ថានភាពនៃប្រទេសដទៃទៀត ជាពិសេសប្រភពវិនិយោគិន ពីប្រទេសចិននៅតែបន្តបិទនិងរឹតបន្តឹងធ្វើឱ្យការទិញខុនដូ ពីសំណាក់វិនិយោគិនបរទេស នៅមានចំនួនតិចតួចនៅឡើយ។

អ្នកនាងបន្តថា “ដូច្នេះហើយក្នុងឆ្នាំ២០២២នេះ ទីផ្សារខុនដូក្នុងប្រទេសកម្ពុជានៅបន្តពឹងផ្អែកលើទីផ្សារក្នុងស្រុកដដែល”។

យ៉ាងណាក្ដីអ្នកជំនាញនៃវិស័យអចលនទ្រព្យ នៅតែរំពឹងថាជនបរទេស នឹងត្រលប់មកចូលមកកម្ពុជា និងស្វែងរកការវិនិយោគនៅកម្ពុជាឡើងវិញ ដែលអាចជំរុញឱ្យទីផ្សារខុនដូ សម្រាប់ជនបរទេសនឹងមានភាព ប្រសើរឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here