ដោយៈ សុផារី
ភ្នំពេញៈ កំណើនប្រជាជននៅក្នុងក្រុងភ្នំពេញ កំពុងជម្រុញការកសាងលំនៅឋានបន្ថែម។ ក្នុងនោះ ប្រភេទលំនៅឋានតម្លៃមធ្យម មានការកើនឡើងខ្ពស់បំផុត ប៉ុន្តែស្របពេលជាមួយគ្នានេះ ប្រភេទលំនៅឋានប្រណីត ដែលមានតម្លៃខ្ពស់ៗក៏នៅបន្តមានការអភិវឌ្ឍបន្ថែម។
តើការកើនឡើងនៃការផ្គត់ផ្គង់ ប្រភេទលំនៅឋានប្រណីតទាំងនេះ បង្ហាញពីកំណើនកម្រិតជីវភាព របស់ប្រជាជនកម្ពុជាពិតមែនឬ?។
លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង មានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia ថា ទោះបីជាមិនមានទិន្នន័យបញ្ជាក់ច្បាស់លាស់ ពីចំណូលរបស់ប្រជាជនកម្ពុជាក្តី លោកជំទាវសង្គេតឃើញថា ការចាយវាយ របៀបរបបនៃការរស់នៅ និងចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា ពិតជាមានការកើនឡើងពិតមែន។
បន្ថែមលើសនេះ តាមរយៈការហូរចូលមក នៃក្រុមហ៊ុនលំដាប់ពិភពលោក ម៉ាកសញ្ញាប្រេនធំៗជាច្រើន មកកាន់ទីផ្សាររបស់ប្រទេសកម្ពុជា បានបញ្ជាក់ពីកម្រិតជីវភាពធូរធារ របស់ប្រជាជនកម្ពុជាផងដែរ។
លោកជំទាវបញ្ជាក់ថា ប្រជាជនត្រូវការផាសុកភាព នៃការរស់នៅ ហើយនេះហើយជាមូលហេតុ ដែលបុរីវិមានសំណាងសាងសង់ នូវលំនៅឋាន ដែលស័ក្តិសមនឹងការសមត្ថភាព និងតម្រូវការនៃការរស់នៅរបស់អតិថិជន។
ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា នាពេលបច្ចុប្បន្ននេះ គម្រោងលំនៅឋានប្រភេទប្រណីត មានចំនួនតិចតួចនៅឡើយទេ ប្រហែលជា១ភាគ១០ នៃការផ្គត់ផ្គង់គម្រោងលំនៅឋានសរុប។ អ្នកអភិវឌ្ឍន៍ ដែលហ៊ានឈានជើងចូលក្នុងការគម្រោងនេះ ក៏នៅមានចំនួនតិចតួច ហើយជាអ្នកអភិវឌ្ឍន៍ជើងចាស់មួយចំនួនតូចនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ាបញ្ជាក់ថា “ការវិវត្តិនៃសេដ្ឋកិច្ចប្រសើរឡើង ធ្វើឱ្យកម្រិតនៃជីវភាពរបស់ប្រជាជន មានការកើនឡើងពិតមែន ប៉ុន្តែតម្រូវការនៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ សម្រាប់ប្រភេទលំនៅឋានប្រណីតតម្លៃថ្លៃបែបនោះទេ”។
លោកឧកញ៉ាបញ្ជាក់ថា ជាទូទៅ កម្រិតនៃជីវភាពរបស់ប្រជាជនយើងតែងតែមានការកើនឡើងជាធម្មតា ដោយសារការវិវត្តិនៃសេដ្ឋកិច្ចដែលមានភាពប្រសើរឡើង នោះអ្នកមានឱកាស និងមានលទ្ធភាពក៏មានចំនំនួនច្រើន ប៉ុន្តែនៅក្នុងនោះ ការផ្គត់ផ្គង់នៅមានកម្រិតតិចតួចនៅឡើងទេ វាមិនមានសន្ទុះច្រើន ហើយលឿនដូចមុនពេលវិបត្តិកូវីដ១៩នោះទេ។
លោកឧកញ៉ានួន រិទ្ឋីបានបន្ថែមថា “ការផ្គត់ផ្គង់នៅតែមាន តែមិនមានសន្ទុះច្រើនទេ។ ទីផ្សារគោលដៅមានត្រឹមតែ១០ ទៅ១៥ភាគរយ នៅមានចំនួនដដែល មិនទាន់មានការកើនឡើងនោះទេ”៕