ដោយៈសុខុម
ឌូបៃ: ទីភ្នាក់ងារអចលនទ្រព្យអង់គ្លេស Knight Frank អះអាងថា អតិផរណាទំនងជាបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ លើសេដ្ឋកិច្ចអារ៉ាប់រួមអេមីរ៉ាត ហើយប៉ាន់ប្រមាណថា ប្រតិបត្តិការទិញលក់ផ្ទះវីឡា និងអាផាតម៉ិនចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ បានឈានដល់១៦,៨ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែមិថុនា។

-->
លោក Faisal Durrani ប្រធានផ្នែកស្រាវជ្រាវទីផ្សារនៃក្រុមហ៊ុន Knight Frank ប្រចាំតំបន់មជ្ឈិមបូព៌ា បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា “មានហេតុផលជាច្រើន ដែលយើងគួរមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន នៅពេលនិយាយដល់ការទប់អតិផរណា ក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត”។
លោកបានបន្ថែមថា “យុទ្ធសាស្រ្តនាំចូលដ៏សម្បូរបែប របស់រដ្ឋាភិបាល វិធានការនានាដើម្បីពង្រឹងសន្តិសុខស្បៀង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ដែលកំពុងកាត់បន្ថយអតិផរណានាំចូលសុទ្ធតែជាសញ្ញាវិជ្ជមានធំៗ”។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ភាគច្រើននៃកិច្ចព្រមព្រៀងទិញលក់លំនៅដ្ឋាន គឺទិញជាសាច់ប្រាក់សុទ្ធ ដែលភាគច្រើនដោយសារតែរំហូរចូលឥតឈប់ឈរ នៃមូលធនដែលកំពុងតម្រង់គោលដៅ ទិញផ្ទះថ្លៃៗបំផុតនៅក្រុងឌូបៃ។
លោកលើកឡើងទៀតថា ដូចនេះទីផ្សារលំនៅដ្ឋាននៅឌូបៃ នាពេលបច្ចុប្បន្នមិនមានហានិភ័យទេ ដោយសារសាច់ប្រាក់នៅតែមានឥទ្ធិពលខ្លាំងក្លា។
លោក Faisal Durrani បានគូសបញ្ជាក់ថា តម្លៃផ្ទះក្នុងក្រុងឌូបៃ ត្រូវបានរំពឹងថា នឹងហក់ឡើងប្រហែល៥ទៅ៧%នៅឆ្នាំនេះ សម្រាប់ទីផ្សារមធ្យម និងចន្លោះពី១២ ទៅ១៥%សម្រាប់ទីផ្សារប្រណីត។
លោកបានបន្ថែមថា “ក្រុងឌូបៃ នៅតែទប់អតិផរណាបានយ៉ាងល្អ”៕ Arab News៕