ដោយៈ ជេស៊ីកា
ភ្នំពេញៈ ស្របពេលការសិក្សាពីគំរោង សាងសង់ផ្លូវជាតិប្រវែងប្រមាណ៧០គីឡូម៉ែត្រ តភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ក្រុងបាត់ដំបង បាននិងកំពុងបញ្ចប់ រដ្ឋាភិបាលបាននិងកំពូងរៀបចំកញ្ចប់សំណើរ សុំជំនួយទៅកាន់ភាគីចិនជាមិត្ត។
ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងកិច្ចសម្ភាសពិសេសនៅថ្ងៃទី៧ ខែមិថុនាកន្លងមកថា ផែនការប្រាំឆ្នាំរំកិល ដែលបានដាក់ស្នើទៅកាន់ប្រទេសចិន រួមមាន គម្រោងសាងសង់ផ្លូវបាត់ដំបង- សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម) គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវដែកកម្ពុជាជាដើម។
គំរោងសាងសង់ផ្លូវជាតិដ៏សំខាន់នេះ មិនត្រឹមតែជាការតភ្ជាប់ផ្នែកគមនាគមន៍នោះទេ ប៉ុន្តែវាក៏ជួយដល់វិស័យទេសចរណ៍ ដែលវាជាវិស័យសំខាន់មួយចូលរួមលើកកំពស់សេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា មិត្តចិនបានជួយកម្ពុជា ក្នុងការសាងសង់ស្ពាន និងផ្លូវជាតិរាប់ពាន់គីឡូម៉ែត្រនៅកម្ពុជា ដើម្បីកម្ពុជាអាចសមាហរណកម្មផ្ទៃក្នុងរបស់ខ្លួនផង និងដើម្បីជម្រុញការលើកកំពស់សេដ្ឋកិច្ចជាតិផង។
សម្តេចបានបញ្ជាក់ថា “បើមិនឲ្យកម្ពុជាពឹងចិន តើឲ្យពឹងអ្នកណា?”។
កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យនិងអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ផ្លូវតភភ្ជាប់ពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ឯកឧត្តមទេសរដ្ឋមន្រ្តីចង់បានលឿនណាស់ ព្រោះការសាងសង់ផ្លូវនេះមានគោលដៅសំខាន់ៗចំនួន៣ ទី១ ការតភ្ជាប់រវាងក្រុងបាត់ដំបង មកកាន់ក្រុងសៀមរាបកាន់តែកៀក និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ទី២ កម្ពុជាគ្រោងសាងសង់ប៉មមួយ នៅកណ្តាលបឹងទន្លេសាប ដើម្បីទាក់ទាញទេសចរណ៍ទស្សនាផ្ទៃបឹង និងសត្វស្លាបដទៃទៀត ដែលប៉មបែបនេះ ត្រូវបានធ្វើនៅក្រុងហុងកុង ប្រទេសកូរ៉េជាដើម។ ទី៣ ជាការរៀបចំខ្សែសង្វាក់ទេសចរណ៍ចេញពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវស្នាក់នៅយូរ និងចំណាយប្រាក់ច្រើន ពិសេសកាត់បន្ថយលំហូរទេសចរណ៍ចេញពីសៀមរាប ទៅកាន់ប្រទេសថៃ ដែលធ្វើឲ្យភ្ញៀវអន្តរជាតិស្នាក់នៅកម្ពុជាក្នុងរយៈពេលខ្លី៕