ដោយ៖ សុផារី
ភ្នំពេញៈ វត្តមានក្រុមហ៊ុនលំដាប់អន្តរជាតិនានាបាន និងកំពុងចូលមកកាន់ទីផ្សារកម្ពុជាលើគ្រប់វិស័យ ដោយបាននាំមកនូវធនធានមនុស្ស បច្ចេកវិទ្យា និងបែបបទនៃការវិនិយោគថ្មីៗ។ នាពេលថ្មីៗនេះ វត្តមាននៃក្រុមហ៊ុនផ្តល់សេវាកម្ម គ្រប់គ្រងអចលនទ្រព្យអន្តរជាតិមួយ បាននិងកំពុងរួមចំណែកការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជាបន្ថែម។
ក្រុមហ៊ុន Chestertons Cambodia បានឈានជើងចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដោយផ្តល់នូវសេវាកម្មគ្រប់គ្រង អចលនទ្រព្យនានា ដល់អ្នកអភិវឌ្ឍន៍ និងអតិថិជន ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍលើវិស័យអចលនទ្រព្យកម្ពុជា។
នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chestersons Cambodia កញ្ញា សាម ចាន់ធូ បានមានប្រសាសន៍ឲ្យដឹង កាលពីម្សិលម៉ិញនេះថា ដោយមើលឃើញពីកង្វះខាត នៃការផ្តល់សេវាកម្មនៃការគ្រប់គ្រងអចលនទ្រព្យ ស្ថាបនិកនៃក្រុមហ៊ុន Chestersons Cambodia ដែលមានលោក គុយ វ៉ាត ជាម្ចាស់ក្រុមហ៊ុន បានផ្តួចផ្តើមនាំយកមកនូវក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានអាយុកាលជាង២០០ឆ្នាំមួយនេះ មកកាន់ទីផ្សារប្រទេសកម្ពុជា។
ក្រុមហ៊ុន Chestersons Cambodia មានគោលបំណង ក្នុងការផ្តល់ នូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយគុណភាព ភាពជឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជា។
កញ្ញាមានប្រសាសន៍ថា “នៅក្នុងទីផ្សារបច្ចុប្បន្ន មានភាពខ្វះខាតលើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ។ កន្លងមកមានក្រុមហ៊ុនក្នុងស្រុក ដែលត្រូវបានបង្កើតឡើង មានច្រើនគួរសម ប៉ុន្តែប្រសិនបើយើងក្រលេកមើលក្រុមហ៊ុនដែលមានស្តង់ដារ មានប្រវត្តិច្បាស់លាស់ មានបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងស្រុកខ្មែរយើងនៅមានកម្រិត”។
កញ្ញាបន្តថា “យើងជឿជាក់ថា ក្រុមហ៊ុន Chestersons Cambodia ដែលមានប្រវត្តិជាង២០០ឆ្នាំ បង្កើតតាំងពីឆ្នាំ១៨០៥ នឹងអាចនាំមកនូវគុណតម្លៃ ធ្វើយ៉ាងណាឱ្យវិស័យអចលនទ្រព្យស្រុកខ្មែរយើង មានភាពរីកលូតលាស់ មិនចាញ់ប្រទេសជិតខាងឡើយ”។
កញ្ញាចាន់ធូបានអះអាងបន្តថា សេវាកម្មគ្រប់គ្រងអចលនទ្រព្យមានសារៈសំខាន់ណាស់ ព្រោះគុណភាពនៃការគ្រប់គ្រង អាគារសំណង់នានាមានភាពចាំបាច់ណាស់ បន្ទាប់ពីការសាងសង់។ ដើម្បីធានាការគ្រប់គ្រង ថែទាំអចលនទ្រព្យរបស់អតិថិជន Chestersons Cambodia ឈរលើមូលដ្ឋាន ដោយមានធនធានមនុស្ស ប្រកបដោយបទពិសោធន៍មិនតិចជាង១០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ហើយអាចផ្តល់នូវបដិសណ្ឋារកិច្ចល្អប្រសើរបំផុតជូនអតិថិជន។
កញ្ញាមានប្រសាសន៍ថា “យើងមកមុនគេ យើងបើកមុនគេ យើងមានបទពិសោធន៍ច្រើនជាងគេ ហើយយើងព្យាយាមផ្តល់សេវាកម្មល្អឥតខ្ចោះ ជូនដល់អតិថិជនរបស់យើងកាន់តែប្រសើរ”។
ក្រុមហ៊ុន Chestertons Cambodia នៅរាជធានីភ្នំពេញ គឺជាការិយាល័យទី៣០របស់ក្រុមហ៊ុនChestertons នៅលើពិភពលោក ដោយក្រុមហ៊ុននេះ ផ្តោតសំខាន់លើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដូចជាអាគារការិយាល័យ អគារលំនៅឋាន បុរី រួមទាំងអាគារពាណិជ្ជកម្មផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា៕