ដោយៈសុផារី
ភ្នំពេញៈ ប្រទេសកម្ពុជាមានគម្រោងបញ្ចប់ ផែនការមេភស្តុភារកម្ម ដែលត្រូវការទុនវិនិយោគ ប្រមាណ៥០ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគម្រោងវិស័យភស្តុភារកម្ម ប្រមាណ៣៣០គម្រោងក្នុងរយៈពេល១០ឆ្នាំខាងមុខ។
នេះបើតាមប្រសាសន៍លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd នៅថ្ងៃទី១៤ ខែមិថុនាម្សិលម៉ិញនេះ។
-->

លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសកម្ពុជាមានគម្រោងសម្រាប់ពេលអនាគត ក្នុងនោះមានការបញ្ចប់ផែនការមេភស្តុភារកម្ម ដែលត្រូវការទុនវិនិយោគ ប្រមាណ៥០ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យ វិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាផងដែរ។
លោកក៏បានលើកឡើងអំពីប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port EDI) ដែលគ្រោងនឹងដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ គម្រោងសាងសង់លើកកម្រិត ព្រលានយន្តហោះចំនួន៣តាមស្តង់ដារអន្តរជាតិនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តកោះកុង និង គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅខែកញ្ញាឆ្នាំនេះ។

លោក Laurent Olmeta នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិកនៃក្រុមហ៊ុនCMA CGM បានសំដែងនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុន លើការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូនតាមកំពង់ផែ។
លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសំដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនCMA ដែលមានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកំពង់ផែ ស្វយ័តក្រុងព្រះសីហនុឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈកន្លងមក។

លោកក៏បានជម្រាបជូន អំពីគម្រោងសាងសង់ផែកុងតឺន័រថ្មីដំណាក់កាលទី១ របស់កំពង់ស្វ័យតក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងកញ្ចប់តែមួយ ដើម្បីពង្រីកសមត្ថភាពកំពង់ផែឱ្យកាន់តែប្រសើរឡើង៕
