មហាយក្សចិនសាងសង់បញ្ចប់ជាស្ថាពរនូវគម្រោងផ្លូវដែកប្រវែងជិត៣.០០០គីឡូម៉ែត្រកាត់សមុទ្រខ្សាច់

0

ដោយសុខុម

ប៉េកាំង: កំណាត់ចុងក្រោយនៃផ្លូវដែកប្រវែងរហូតដល់ទៅ២.៧១២គីឡូម៉ែត្រដែលក្រវិលជុំវិញតំបន់វាលខ្សាច់ Taklamakan ដែលជាវាលខ្សាច់ធំបំផុតនៅប្រទេសចិន ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការ។

កំណាត់ចុងក្រោយប្រវែង៨២៥គីឡូម៉ែត្រនៃផ្លូវដែកដ៏សែនវែងខាងលើនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ដែលសម្បូរដោយជនជាតិភាគតិចវីហ្គួ (Uygur) កាន់សាសនាអ៊ិស្លាមរស់នៅ បន្ទាប់ពីការសាងសង់ចាយពេលអស់៣ឆ្នាំកន្លះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ឱ្យដឹងថា កំណាត់ផ្លូវដែកនេះភ្ជាប់ទីក្រុងហូថាន (Hotan) និងតំបន់យួឈាំង (Ruoqiang) តាមបណ្តោយជាយភាគខាងត្បូងនៃវាលខ្សាច់ Taklamakan។

ប្រតិបត្តិករផ្លូវដែកជាតិនៃប្រទេសចិន China State Railway Group និយាយថា ផ្លូវដែកនេះអាចឱ្យរថភ្លើងរត់ក្នុងល្បឿនរហូតដល់ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងជាផ្លូវដែកទី១ ក្នុងពិភពលោកដែលអនុញ្ញាតឱ្យធ្វើដំណើរជារង្វង់ព័ទ្ធជុំវិញវាលខ្សាច់បែបនេះ។

ការដាក់ឱ្យដំណើរការកំណាត់ផ្លូវដែក Hotan-Ruoqiang នេះធ្វើឡើង ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង ប្ដេជ្ញាចិត្តធ្វើសមាហរណកម្មតំបន់ភាគខាងលិចនេះបញ្ចូលគ្នាជាមួយនឹងតំបន់ផ្សេងៗទៀត នៃប្រទេសចិន ទាំងមូល និងខណៈក្រុមហ៊ុនលោកខាងកិចកាន់តែច្រើនឡើងៗព្យាយាមធ្វើពិពិធកម្ម ឬផ្ដាច់ខ្លួនចេញពីខ្សែសង្វាក់ផ្គត់ផ្គង់នៅតំបន់ស៊ីនជាំង ដែលបានទទួលរងទណ្ឌកម្មអន្តរជាតិដោយសារការចោទប្រកាន់ថាមានការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here