ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ការអភិវឌ្ឍដីឡូតិ៍នៅក្នុងប្រទេសកម្ពុជាបានកើតឡើងជាយូរមកហើយ តែមកដល់ពេលនេះអាជីវកម្មមួយនេះ កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងៗ និងធ្វើឱ្យអ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួន ផ្ដោតតែលើតម្លៃ ដើម្បីលក់ចេញបានច្រើន ជាជាងគិតគូរពីគុណភាព។
លោក ខូល័ រតាន់ ម្ចាស់គម្រោងដីឡូតិ៍លំហែកាយបូកគោលែន ក្នុងខេត្តកំពត បានលើកឡើងពីអាជីពមួយនេះនឹងជួបបញ្ហា ឬអាចនឹងបាត់ទំនុកចិត្តពីអ្នកទិញ បើសិនជាអ្នកអភិវឌ្ឍន៍ផ្ដោតតែលើតម្លៃដោយមិនគិតគូរពីគុណភាព។
លោកបន្តថា ការអភិវឌ្ឍដីឡូតិ៍ដោយគិតតែតម្លៃវាមិនពិបាកទេ គ្រាន់តែពុះជាឡូតិ៍ៗបោះបង្គោលឈូសឆាយបន្តិចបន្តួចនោះ តែអ្វីដែលពិបាកគឺគុណភាពនៃការអភិវឌ្ឍដីឡូតិ៍នោះ ។ ក្រុមហ៊ុនខ្លះលក់ត្រឹមតែប៉ុន្មានពាន់ដុល្លារ ហើយអតិថិជនបង់ផ្ដាច់គេមានបញ្ចុះតម្លៃថែមទៀត។ តែពេលសួរថាតើពេលអនាគត អតិថិជនចង់សង់ផ្ទះ មានប្រព័ន្ធលូហើយ ឬនៅមានប្រព័ន្ធទឹកស្អាតដែរ មានផ្លូវចូលហើយឬនៅ ដូច្នេះប្រសិនជាអ្នកអភិវឌ្ឍន៍គិតគូរពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងមិនអាចលក់ក្នុងតម្លៃទាបបាននោះឡើយ។
សម្រាប់លោកនឹងមិនអភិវឌ្ឍន៍ដីឡូតិ៍ ដែលផ្ដោតទៅលើតែតម្លៃមួយមុខនោះទេ គឺត្រូវគិតគូរពីគុណភាពជូនអតិថិជន ជាក់ស្ដែងសម្រាប់គម្រោងលោកវិញ រហូតមកដល់ពេលនេះ ទោះបីជាលក់ជូនអតិថិជនអស់ក៏ពិតមែន តែលោកនៅតែបន្តអភិវឌ្ឍន៍ផ្លូវ សួនច្បារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតតាមការសន្យា ដោយមិនមែនលក់អស់ហើយដើរចេញនោះឡើយ។
លោកបញ្ជាក់ថា ការអភិវឌ្ឍបែបគិតតែពីតម្លៃប្រកួតប្រជែង វានឹងសម្លាប់អាជីពមួយនេះ នៅពេលអនាគត ហើយប្រជាពលរដ្ឋនឹងខ្លាចរអារ នៅពេលលឺពីដីឡូតិ៍ ដូច្នេះអ្នកអភិវឌ្ឍន៍ដីឡូត៏ទាំងឡាយត្រូវគិតគូរឱ្យច្បាស់លាស់ មុននឹងសម្រេចអភិវឌ្ឍន៍ដីឡូតិ៍ ដែលគិតតែពីចំណេញ៕