ដោយ៖ សុផារី
ត្បូងឃ្មុំ៖ រដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យមានការបង្កកដីធ្លីចំនួន១១៧៦ហិចតា ដែលមានទីតាំងនៅតាមព្រំដែនកម្ពុជា វៀតណាម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសលក្ខណៈទ្រង់ទ្រាយធំ ដោយជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើការពង្រីកផ្លូវថ្នល់ឱ្យមានទំហំធំដូចផ្លូវជាតិលេខ៧។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
សម្តេចបានថ្លែងថា “ខ្ញុំបានចេញសេចក្តីសម្រេចតាមការស្នើរបស់ឧត្តមសេនីយ សៅ សុខា និងឯកឧត្តម ជា សុផារ៉ា ដោយឱ្យបង្កកដីនៅទីនេះចំនួន១១៧៦ហិចតា ដើម្បីត្រៀមបម្រុងទុកសម្រាប់បង្កើតជាតំបន់ពិសេស ឬតំបន់រោងចក្រ។ តំបន់ខាងលើនេះនឹងក្លាយជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ល្អ”។
សម្តេចតេជោជឿជាក់ថា នាពេលអនាគតឆាប់ៗនេះ តំបន់ខាងលើនេះនឹងក្លាយជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ធំមួយ ដែលអនុញ្ញាតិឱ្យបងប្អូនប្រជាពលរដ្ឋនៅទីនេះ ជាពិសេសជាអ្នកផលិតអាចនាំទំនិញចេញទៅកាន់កំពង់ផែ គីយឺត និងកំពង់ផែហូជីមិញបាន។
ដើម្បីលើកកម្ពស់សក្តានុពលតំបន់ខាងលើនេះ សម្តេចបានបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យបានធំទូលាយ ដូចផ្លូវជាតិលេខ៧ដែរ ហើយតភ្ជាប់ផ្ទាល់ទៅកាន់ព្រំដែនវៀតណាម។
សម្តេចថ្លែងថា “តំបន់នេះនឹងក្លាយជាតំបន់កែច្នៃ ព្រោះកម្ពុជាមានវត្ថុធាតុដើមច្រើន។ ដូច្នេះ អាចពង្រីកផ្លូវថ្នល់នៅក្នុងឆ្នាំ២០២៣ ឬ២០២៤ ដោយដាក់បញ្ចូនក្នុងថវិការស្នើ ហើយពង្រីកមក ដោយរក្សាដីនេះឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគមកធ្វើតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ”៕