ទីផ្សារជួលអចលនទ្រព្យនឹងមានភាពល្អប្រសើរ នៅចុងឆ្នាំ២០២២ឬដើមឆ្នាំ២០២៣តទៅ

0

ដោយ៖ សុផារី

ភ្នំពេញ៖ បន្ទាប់ពីស្ថានភាពកូវីដ-១៩បានធូរស្បើយ ទីផ្សារអចលនទ្រព្យដាក់ជួលនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញ ដែលជំរុញដោយកំណើនតម្រូវការជួលទីតាំងធ្វើអាជីវកម្ម តម្រូវការស្នាក់នៅប្រជាជនក្នុងស្រុក និងការវិលត្រលប់មកវិញបណ្តើរៗនៃអ្នកវិនិយោគិនបរទេស។

អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារជួលនឹងមានភាពល្អប្រសើរ នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣តទៅ ដែលជំរុញដោយការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

លោក ស៊ីម សាមឺឌី ប្រធានផ្នែកលក់ក្រុមហ៊ុន RENT KH បានមានប្រសាសន៍ថា តម្រូវការជួលនៅក្នុងឆ្នាំ២០២១កន្លងមកមានផលប៉ះពាល់ ដោយចំនួនការជួលមានចំនួនតិចតួច តែចំនួនការដាក់ជួលមានចំនួនច្រើន។

យោងតាមអ្នកជំនាញរូបនេះឱ្យដឹងថា ឈានជើងចូលមកកាន់ឆ្នាំ២០២២នេះ អត្រាការជួលនៅក្នុងទីផ្សារកម្ពុជាមានការកើនឡើងវិញបណ្តើរៗ ដោយសារការចាក់វ៉ាក់សាំងភាគច្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ការត្រលប់មកវិញនៃបណ្តាអ្នកវិនិយោគិនក្រៅប្រទេស ការបើកដំណើការឡើងវិញនៃអាជីវកម្មនានា ដែលជំរុញឱ្យសេដ្ឋកិច្ចមានកំណើនឡើង ហើយតម្រូវការជួលអចលនទ្រព្យក៏មានការកើនឡើងផងដែរ។

លោកសាមឺឌីឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ការផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់ជាមួយនឹងតម្រូវការនៅឡើយទេ ដោយសារតែតម្រូវការមានម្រិតខ្ពស់ ដោយសារប្រជាជនកម្ពុជា ដែលទើបតែរៀបការថ្មីថ្មោងត្រូវការជួលអចលនទ្រព្យសម្រាប់ការស្នាក់នៅ។

លោកថា “ពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបការហើយត្រូវបែកគ្រួសារ ដោយគាត់រៀបការហើយថ្មីថ្មោង នៅមិនទាន់មានលទ្ធភាពទិញផ្ទះនៅឡើយទេ។ ចឹងគាត់ត្រូវសម្រេចចិត្តជួលហើយ”។

លោកបញ្ជាក់ថា “តម្រូវការទាប ផ្ទះដាក់ជួលមានច្រើន អតិថិជនមានជម្រើសច្រើនមានសិទ្ធិច្រើន មានឱកាសតថ្លៃជាមួយម្ចាស់ ហើយចរចារបានលក្ខខណ្ឌល្អ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២២នេះ ការដាក់ជួលមានតិចជាងមុន គាត់មិនមានសិទ្ធិសម្រេចច្រើនក្នុងការជ្រើសរើសទេ”។

អ្នកជំនាញរូបនេះបញ្ជាក់ថា តម្រូវការជួលនាពេលបច្ចុប្បន្ននេះ អតិថិជនមានភ្ញៀវជាតិ៥០ភាគរយ និងភ្ញៀវបរទេសមានចំនួន៥០ភាគរយ ក្នុងនោះ ប្រភេទខុនដូ ពេញនិយមសម្រាប់អ្នកជំនួញ វិនិយោគិនបរទេស ប៉ុន្តែក្នុងមួយរយៈចុងក្រោយនេះ អតិចិជនជាជនជាតិខ្មែរក៏មានច្រើនផងដែរ។ ចំណែក អាផាតមិនជាទីផ្សារពេញនិយមសម្រាប់ជនជាតិបរទេស ដែលចូលមកកាន់ប្រទេសកម្ពុជាជាលក្ខណៈគ្រួសារ។

យ៉ាងណាក្តី លោកមានសុទិដ្ឋិនិយមថា ទីផ្សារមួយនេះនឹងមានភាពល្អប្រសើរ នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣តទៅ ដែលជាពេលវេលាមួយសេដ្ឋកិច្ចងើបឡើងវិញជាធម្មតា និងការគ្រប់គ្រងបាននូវវិបត្តិជំងឺឆ្លង ដែលជះជាផលវិជ្ជមានដល់អាជីវកម្មឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here