ដោយ៖ សុខុម
បាងកក: ហាងម៉ាស្សាជាច្រើនក្នុងក្រុងបាងកក ប្រទេសថៃ បានរលាយបាត់ខ្លួនម្ដងមួយៗស្ទើរតែអស់ ដោយសារវាត្រូវបានប្រែក្លាយទៅជាលំនៅដ្ឋាន ការិយាល័យ ឬសណ្ឋាគារជាដើម នៅពេលវិបត្តិកូវីដ-១៩ បានបង្ខំឱ្យហាងម៉ាស្សាខ្លះបិទទ្វារ ឬម្ចាស់ហាងលក់ទីតាំងតែម្ដង។
ទោះបីជាកន្លែងកម្សាន្តនានា រួមទាំងហាងម៉ាស្សាផង ត្រូវបានអនុញ្ញាតឱ្យដំណើរការក្ដី ក៏ហាងតិចតួចណាស់នៅក្រុងបាងកក ដែលអាចទប់ការខាតរួច ដោយសារការធ្លាក់ចុះភ្ញៀវ និងថវិកាមិនគ្រប់គ្រាន់សម្រាប់បើកបន្ត។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២០ ខែមិថុនា នេះ។
ដោយសម្លឹងឃើញឱកាសអំណោយផល ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានសម្រុកទិញយកហាងម៉ាស្សា ដើម្បីប្រែក្លាយវាទៅជាអគារលំនៅដ្ឋាន អគារការិយាល័យ ឬសណ្ឋាគារ ព្រោះហាងទាំងនោះមានទីតាំងនៅកណ្តាលក្រុង ដែលងាយស្រួលធ្វើដំណើរចេញចូល។
ហាងម៉ាស្សាដែលបិទចោលក៏មានភាពទាក់ទាញ សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ខណៈដីធ្លីនៅកណ្តាលទីក្រុងបាងកក កាន់តែរួចតិចទៅៗ និងមានតម្លៃថ្លៃខ្លាំង។
ប្រភពមួយចេញពីរដ្ឋបាលក្រុងបាងកក បានទម្លាយឱ្យដឹងថា ក្នុងចំណោមហាងម៉ាស្សាជាង៥០០ទីតាំងនៅក្រុងបាងកក មានតែប្រមាណ១០០ទីតាំងប៉ុណ្ណោះ ដែលនៅតស៊ូបើកដំណើរការទាំងត្រដាបត្រដួស។
ទន្ទឹមនេះ លោក Wasan Kongchan នាយកគ្រប់គ្រងទីភ្នាក់ងារអចលនទ្រព្យថៃ Real Estate Affairs បានគូសបញ្ជាក់ថា ជាង៨០%នៃហាងម៉ាស្សាបានបង្ខំចិត្តបិទទ្វារ ឬលក់ទីតាំងរបស់ខ្លួនដោយសារការរកស៊ីមិនអាចដំណើរការទៅមុខ ដោយសារក៏ព្រោះតែវិបត្តិកូវីដ-១៩៕