ដោយៈ សុផារី
ភ្នំពេញៈ វត្តមាននៃគម្រោងលំនៅឋានជាច្រើន បានកែប្រែមុខមាត់ខណ្ឌឬស្សីកែវ ដែលធ្លាប់ជាទីតាំងមិនសូវអ៊ូអរ ឱ្យក្លាយទៅជាទីតាំងប្រមូលនៃការរស់នៅបែបសម័យថ្មី ប្រកបដោយគម្រោងបុរី ផ្សារទំនើប សាលារៀនអន្តរជាតិជាដើម។
អ្នកនាងជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងកាលពីថ្ងៃទី២១ មិថុនាថា នៅក្នុងខណ្ឌឬស្សីកែវ ភាគច្រើន គឺជាគម្រោងបុរី ក្នុងនោះឃើញមានអ្នកអភិវឌ្ឍន៍បុរីធំៗ ចំនួនពីរ គឺ ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនបុរីប៉េង ហួត ព្រមទាំងគម្រោងបុរីផ្សេងៗ ទៀតជាច្រើន។
អ្នកនាងបន្តថា “ការអភិវឌ្ឍភាគច្រើន នៅក្នុងខណ្ឌឬស្សីកែវ ជាគម្រោងលំនៅឋានបែបបុរី”។
ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ធ្លាប់បានលើកឡើងថា ទីតាំងភាគខាងជើងនៃរាជធានីភ្នំពេញ គឺជាទីតាំងប្រមូលផ្តុំថ្មីនៃគម្រោងលំនៅឋាន ជាពិសេសគម្រោងលំនៅឋានរបស់អ្នកមានប្រាក់ ឬសេដ្ឋីវ័យក្មេង។
នៅតាមបណ្តោយផ្លូវលេខ៥៩៨ ឬផ្លូវជាសុផារ៉ា គេសង្កេតឃើញមានគម្រោងបុរីជាច្រើន ដូចជា បុរីជីបម៉ុង បុរីប៉េងហួត បុរីវិមានភ្នំពេញ បុរីភ្នំពេញថ្មី បុរីមង្គលភ្នំពេញ ។ល។ ដែលបានកែប្រែមុខមាត់ខណ្ឌជាយក្រុងមួយនេះជាខណ្ឌអ៊ូអរ និងទំនើបមួយ។
ក្រៅពីគម្រោងលំនៅឋាន វត្តមាននៃសាលារៀនលំដាប់អន្តរជាតិ ជាច្រើន ព្រមជាមួយផ្សារទំនើបបែប Community Mall ក៏ចាប់ផ្តើមមានដំណើរការ ស្របនឹងកំណើនប្រជាជន ដូចជា គម្រោងផ្សារទំនើបជីបម៉ុង៥៩៨ របស់ក្រុមហ៊ុន ជីប ម៉ុងជាដើម។
ស្ថាប័នក្រសួងរបស់រាជរដ្ឋាភិបាល ក៏បានបោះទីតាំងការិយាល័យនៅក្នុងខណ្ឌមួយនេះផងដែរ។ ជាក់ស្តែង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានទីតាំងនៅក្នុង និងក្បែរខណ្ឌមួយនេះផងដែរ៕