ដោយៈ សុខុម
ហុងកុង: ជាទូទៅ សម្រាប់ការទិញផ្ទះបង់រំលស់ ដែលក្រុមហ៊ុនអភិវឌ្ឍន៍តម្រូវឱ្យបង់ប្រាក់កក់ ឬ Down Payment គឺគេតម្រូវឱ្យយើងទូទាត់ជាសាច់ប្រាក់ តាមចំនួនភាគរយដែលក្រុមហ៊ុនកំណត់ ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍មួយនៅប្រទេសចិន បានប្រើយុទ្ធសាស្ត្រប្រូម៉ូសិនចម្លែកគ្មានពីរ “ស្រូវសាលីដូរយកផ្ទះ។

-->
យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែមិថុនាបានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Central China Real Estate នៅក្នុងទីផ្សារអចលនទ្រព្យដ៏ទន់ខ្សោយនៃប្រទេសចិន កាលពីពេលថ្មីៗនេះ បានដាក់ចេញកម្មវិធីប្រូម៉ូសិន ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដើម្បីទាក់ទាញអ្នកទិញ ដោយអ្នកទិញអាចយកស្រូវសាលី បង់ជាប្រាក់កក់បាន។
ផ្ទាំងផ្សាយពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅខេត្តហឺណាន (Henan) សរសេរថា “យកស្រូវសាលីដូរយកផ្ទះ” ហើយនៅក្នុងនោះបានបញ្ជាក់ថា អ្នកទិញអាចយកស្រូវសាលី មកទូទាត់ថ្លៃប្រាក់កកដំបូង ដែលមានចំនួនដល់ទៅ២៣.៩០០ដុល្លារ សម្រាប់ការទិញផ្ទះដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន។
ស្ត្រីជាភ្នាក់ងារលក់ម្នាក់របស់ក្រុមហ៊ុន Central China Real Estate បាននិយាយកាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ថា ប្រូម៉ូសិនដ៏ពិសេសនេះ គឺដើម្បីទាក់ទាញកសិករនៅក្នុងតំបន់នោះ ហើយនឹងផុតកំណត់ត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ។
ភ្នាក់ងារលក់ខាងលើ ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ផ្ទះនៅក្នុងគម្រោងអភិវឌ្ឍន៍ក្នុងខេត្តហឺណាន មានតម្លៃចន្លោះពី៩០.០០០ដុល្លារអាមេរិក ទៅ១៣៤.៥០០ដុល្លារអាមេរិក។
ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍ Central China Real Estate មិនបានឆ្លើយតបទេ ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីការឆ្លើយបំភ្លឺជុំវិញកម្មវិធីប្រូម៉ូសិនដ៏ចម្លែកនេះ៕ Reuters៕