អ្នកជំនាញៈចរន្តទិញលក់ដីធ្លីនៅខេត្តជាប់មាត់សមុទ្រចំនួន៣ ចាប់ផ្តើមមានសកម្មភាពប្រសើរឡើងវិញ

0

ដោយៈ គង់ សូរិយា

តំបន់ឆ្នេរៈ ដោយសារល្បឿននៃការអភិវឌ្ឍ និងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានធ្វើឲ្យខេត្តជាប់មាត់សមុទ្រចំនួន៣ បាននិងកំពុងមានសកម្មភាពទិញលក់ដីធ្លីឡើងវិញ។

តាមរយៈការចុះសិក្សាដោយផ្ទាល់ ជាបន្តបន្ទាប់របស់សហស្ថាបនិកគេហទំព័រ Propertyarea.asia ក្នុងរយៈពេលប៉ុន្មានចុងសប្តាហ៍កន្លងមក​នេះ លោកយិន លាងគង់ បានរកឃើញថា សកម្មភាពទិញលក់អចលនទ្រព្យនៅក្នុងខេត្តកែប កំពត បាននិងកំពុងចាប់ផ្តើមមានសញ្ញាល្អប្រសើរ ដោយសារវិនិយោគិនក្នុងស្រុក បានស្វែងរកដីសាងសង់ផ្ទះលំហែរ ដីលំហែរ និងការវិនិយោគរកផលចំណេញ។

លោកបន្តថា “ទោះជាកម្មភាពទិញលក់ដីធ្លីកើនឡើងក្តី ប៉ុន្តែតម្លៃមិនទាន់ហក់ឡើងនោះទេ ព្រោះវាត្រូវការរយៈពេលបន្ថែមទៀត បើទោះបីជាសកម្មភាពសេដ្ឋកិច្ចកើនឡើងប្រសើរក្តី”។ លោកបន្តថា “ទីផ្សារនេះត្រូវការពេលវេលាបន្ថែម ដើម្បីឲ្យសុខភាពក្នុងវិស័យនេះវិលមករកភាពប្រក្រតី”។

លោកយិន លាងគង់បានបន្តថា ទោះបីវិបត្តិកូវីដ១៩ នៅកម្ពុជាហាក់បានបញ្ចប់ក្តី ប៉ុន្តែវានៅតែមានឥទ្ឋិពលលើទីផ្សារ ដោយសារប្រទេសមួយចំនួននៅតែបន្តប្រឈម និងបញ្ហាវិបត្តិរុស្ស៊ី និងអ៊ុយក្រែន មិនទាន់បញ្ចប់ ដែលវាបាន និងកំពុងជះឥទ្ឋិពលដល់សេដ្ឋកិច្ចពិភពលោក។

លោកបន្តថា “ការឡើងថ្លៃប្រេងឥទ្ឋនៈជាបន្តបន្ទាប់ពីវិបត្តិអ៊ុយ ក្រែនកំពុងអន្រួនសេដ្ឋកិច្ចពិភពលោកឲ្យរង្គោះរង្គើរ និងត្រូវចំណាយពេលបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចឲ្យបានល្អដូចមុនវិបត្តិកូវីដ១៩។

ជាមួយគ្នានេះ អ្នកជំនាញលំដាប់អន្តរជាតិក៏កំពុងមើលឃើញទីផ្សារប្រកបដោយសុទិដ្ឋិនិយមផងដែរ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន ProPNex Cambodia បានមានប្រសាសន៍ឲ្យដឹងនាថ្ងៃដដែលថា សកម្មភាពវិនិយោគលើទីផ្សារដីធ្លី នៅក្នុងខេត្តកែប កំពត កោះកុងមានភាពល្អប្រសើរ ប៉ុន្តែខេត្តព្រះសីហនុ ត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យទីផ្សារអាចស្រូបយកអ្វីដែលបានដាក់ចូលទីផ្សារយ៉ាងច្រើនលើសលុបរួចទៅហើយ។

អ្នកស្រីបន្តថា “ដោយសាររដ្ឋាភិបាលបានវិនិយោគ និងកំពុងវិនិយោ​គលើហេដ្ឋារចនាសម្ព័ន្ឋធំៗ និងចាំបាច់ ទើបធ្វើឲ្យខេត្តទាំងបីនេះមានសញ្ញាវិជ្ជមានលើទីផ្សារដីធ្លីឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here