ដោយ៖សុផារី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យលើជម្រើសគម្រោងផ្លូវរថភ្លើងក្រោមដី ឬផ្លូវរថភ្លើងលើអាកាសនៅក្រុងភ្នំពេញ និងគម្រោងដាក់ស្នើប្រមុខរាជរដ្ឋាភិបាលសម្រេចជ្រើសរើស លើជម្រើសដែលសាកសមនឹងចរាចរណ៍រាជធានីភ្នំពេញ។

ដោយ៖សុផារី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យលើជម្រើសគម្រោងផ្លូវរថភ្លើងក្រោមដី ឬផ្លូវរថភ្លើងលើអាកាសនៅក្រុងភ្នំពេញ និងគម្រោងដាក់ស្នើប្រមុខរាជរដ្ឋាភិបាលសម្រេចជ្រើសរើស លើជម្រើសដែលសាកសមនឹងចរាចរណ៍រាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពី តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC)។

លោក ស៊ុន ចាន់ថុល បានសំដែងការស្វាគមន៍ចំពោះអង្គប្រជុំ និងបានជម្រាបជូនអំពី គម្រោងសិក្សារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង ប្រកបដោយប្រសិទ្ធភាព។
លោកបន្តថាគម្រោងនេះនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយ ដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីការធ្វើបទបង្ហាញរបស់ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុន ដែលបានសិក្សាទៅលើលទ្ធភាពសាងសង់ បណ្តាញ ផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ នៃរាជធានីភ្នំពេញ រួចមកអង្គប្រជុំបានពិភាក្សាលម្អិតបន្ថែមទៅលើលទ្ធផលនៃការសិក្សាជាបឋមនេះ។
ក្រុមហ៊ុនបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស (Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ ជាដើម។ល។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនធ្វើការសិក្សាឱ្យបាន ស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕