ដោយ៖ សុខុម
វៀងចន្ទន៍: រដ្ឋាភិបាលឡាវ កំពុងពិចារណាជួលក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិដ៏ល្បីល្បាញមួយ ដើម្បីធ្វើការវាយតម្លៃ និងកំណត់តម្លៃជាក់លាក់នៃទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋ ជាពិសេសពាក់ព័ន្ធនឹងធនធានធម្មជាតិ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៧ ខែមិថុនានេះ។

-->
យោងតាមការចុះផ្សាយរបស់កាសែត Vientiane Times ឱ្យដឹងថា គំនិតនេះត្រូវបានដាក់ជូនរដ្ឋសភា កាលពីសប្តាហ៍មុន ជាមធ្យោបាយមួយ ដើម្បីឱ្យរដ្ឋាភិបាលងាយស្រួលបញ្ចុះបញ្ចូលម្ចាស់បំណុល ឱ្យជឿជាក់ថា ប្រទេសឡាវមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការសងបំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលខ្លួនបានបង្គរកាន់តែច្រើនឡើងៗ។

ថ្លែងនៅរដ្ឋសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bounchom BonaDent លើកឡើងថា “ប្រទេសឡាវមានទ្រព្យសម្បត្តិ និងធនធានធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែយើងមិន ដែលវាយតម្លៃថាវាមានតម្លៃពេញ និងជាក់លាក់ប៉ុន្មាននោះឡើយ”។
លោកបានបន្ថែមទៀតថា “គណៈកម្មាធិការជាតិទទួលបន្ទុកការដោះស្រាយបំណុល បានយល់ស្របថា យើងគួរតែជួលក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិដ៏ល្បីល្បាញមួយ ដើម្បីជួយធ្វើការវាយតម្លៃបែបនេះ ជាពិសេសគម្រោងនានារបស់រដ្ឋ”។
លោកគូសបញ្ជាក់ថា ក្រុមហ៊ុនប្រឹក្សាយោបល់នោះនឹងអាចវាយតម្លៃគម្រោងនានា ក្នុងវិស័យរ៉ែ និងវារីអគ្គិសនី ដោយផ្តល់ព័ត៌មាន អំពីតម្លៃបច្ចុប្បន្ននៃគម្រោងទាំងនោះ ព្រមទាំងការព្យាករ សម្រាប់ពេលអនាគតផងដែរ។
លោកបានបន្ថែមថា ម្ចាស់បំណុលនឹងមានទំនុកចិត្តជាងមុនថា ប្រទេសឡាវ ទំនងជាមិនឈានដល់ដំណាក់កាលខកខានទូទាត់បំណុលតាមពេលវេលាកំណត់នោះឡើយ បន្ទាប់ពីពួកគេយល់ច្បាស់ពីសក្តានុពលពិតប្រាកដរបស់ប្រទេសឡាវ។

លោកបានបន្តថា ប្រទេសជាច្រើនបានធ្វើការវាយតម្លៃ និងកំណត់តម្លៃនៃទ្រព្យសម្បត្តិរបស់ខ្លួន ហើយការធ្វើបែបនេះអាចជួយឱ្យប្រទេសមួយទទួលបានឥណទាន ដែលមានការប្រាក់ទាប។
យោងតាមធនាគារពិភពលោក (World Bank) ឱ្យដឹងថា កម្រិតបំណុលសាធារណៈរបស់ឡាវ បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ២០១៩ ដែលបានកើនឡើងរហូតដល់៨៨% នៃផលទុនជាតិសរុប (GDP) ក្នុងឆ្នាំ២០២១ ដោយវិស័យថាមពលគ្របដណ្ដប់ជាង៣០% នៃបំណុលសរុប៕
