តើស្ថាបត្យករខ្មែររូបណា ជាអ្នកសាងសង់សណ្ឋាគារកាបូឌីយ៉ាណា បូឌីញ ស និងសួនវិមានឯករាជ្យ?

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាទទួលបានឯករាជ្យ ពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ ហើយជាពេលវេលាដែលប្រទេសនេះអាចកសាងអ្វីៗដោយខ្លួនឯង ។

ក្រោយសម័យអាណានិគមនិយមបារាំងហើយនោះ កម្ពុជាក៏មានធនធានមនុស្សខ្លាំងពូកែជាច្រើន សម្រាប់កសាងប្រទេស ហើយនៅថ្ងៃនេះ យើងនឹងលើកយកពីស្នាដៃបុរសម្នាក់ ដែលនៅពីក្រោយការកសាងរាជធានីភ្នំពេញ ក្នុងសម័យសង្គមរាស្ត្រនិយម។

លោកលូ បាហាប់ ជាស្ថាបត្យករមានស្នាដៃលេចធ្លោមួយរូប ក្នុងការកសាងអគារមួយចំនួននៅរាជធានីភ្នំពេញ ក្រោយពេលកម្ពុជាទទួលបានឯករាជ្យពេញលេញពីរបបអាណានិគមបារាំង ហើយលោកក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពក្នុងការកសាងរាជធានីភ្នំពេញ ចាប់ពីពេលនោះមក ។

ស្នាដៃដែលលោកលូ បានហាប់ចូលរួមកសាងរាជធានីភ្នំពេញ រួមមានព្រះរាជដំណាក់ លំនៅឋាន អគារស្នាក់នៅ សណ្ឋាគារលំដាប់អន្តរជាតិ សួនច្បារ សាលវប្បធម៌ និងស្នាដៃសំណង់ធំៗជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ លោកលូ បានហាប់ កំពុងរស់នៅក្នុងប្រទេសបារាំង ជាមួយនឹងភរិយារបស់លោកជនជាតិបារាំង។

ប្រវត្តិ
តាមប្រវត្តិ លោកលូ បានហាប់ កើតនៅក្នុងឆ្នាំ១៩៣១ នៅក្នុងខេត្តកំពង់ចាម ហើយនៅអាយុ១៤ឆ្នាំ លោកបានចាកចេញពីភូមិកំណើតមកបន្តការសិក្សានៅរាជធានីភ្នំពេញ ដោយស្នាក់នៅក្នុងវត្ត ដើម្បីបន្តការសិក្សា ។លោកបានហាប់ បានជួបប្រទះនឹងការលំបាកជាច្រើន ក្នុងការបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ ជាពិសេសថវិកា ដោយសារតែលោកបានឃ្លាតឆ្ងាយពីគ្រួសារ ។

នៅពេលមួយ លោកបានហាប់ បានជួបជាមួយនឹងលោកប៉ែន នុត ជាអ្នកនយោបាយមួយរូបនៅក្នុងសម័យនោះ ហើយក៏បានស្នើសុំលោកប៉ែន នុតដើម្បីរកការងារធ្វើ ហើយដោយសារតែឧបនិស្ស័យ លោកប៉ែន នុតក៏បានយកលោក បានហាប់ ទៅរស់នៅក្នុងគ្រួសាររបស់លោក ឱ្យបន្តការសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ។

ដំបូងឡើយ លោកបានហាប់ ចង់បន្តការសិក្សាជំនាញផ្នែកវិស្វកម្ម តែដោយមានការណែនាំពីលោកវណ្ណ ម៉ូលីវណ្ណ ដែលត្រូវជាបងជីដូនមួយរបស់លោកថា នៅកម្ពុជាមិនទាន់មានស្ថាបត្យករជំនាញនោះទេ ហើយវាជាឱកាសរបស់ពួកយើង ក្នុងការចាប់ជំនាញនេះមកអភិវឌ្ឍន៍កម្ពុជា ។

ក្រោយរៀនចប់ពីប្រទេសបារាំង លោកលូបានហាប់ បានត្រលប់មកកម្ពុជាវិញនៅក្នុងអំលុងឆ្នាំ១៩៦០ តាមព្រះរាជាតំរិះរបស់ព្រះបរមរតនកោដិហើយ ក៏បានចូលបម្រើការងារ នៅក្នុងនាយកដ្ឋានលំនៅឋាន និងផែនការរៀបចំក្រុងនៃសាលារាជធានីភ្នំពេញ និងទទួលបានការតែងតាំងពីអភិបាលក្រុងលោកទេព ផន ជាអ្នកអភិវឌ្ឍន៍ផែនការក្រុង ហើយក៏ចាប់ផ្ដើមការងាររចនាប្លង់នៅក្នុងរាជធានីភ្នំពេញ និងបានកែប្រែមុខមាត់រាជធា​នីភ្នំពេញ ឱ្យមានសម្រស់កាន់តែស្រស់ស្អាតរហូត ទួលបានឈ្មោះជាទីក្រុងគុជនៅអាស៊ី ។

ស្នាដៃដែលលោកបានហាប់ បានកសាងរួមមាន ព្រះរាជដំណាក់របស់សម្ដេចព្រះប្រមុខរដ្ឋនិងរបស់គ្រួសាររាជវង្ស លំនៅឋាន អគារសា​ធារណ សកលវិទ្យាល័យ រោងចក្រ សណ្ឋាការកាំបូឌីយ៉ា នាគនិងផ្កាឈូកបាញ់ទឹក និងសួនច្បារវិមានឯករាជ្យ ។

ក្រៅពីនេះ លោកបានរួមគ្នាជាមួយស្ថាបត្យករខ្មែរ និងបរទេសល្បីៗជាច្រើនទៀត ដូចជា លោកឈឹម ស៊ុនហ្វុង លើការសាងសង់មហោស្រពជាតិចេនឡា លោក វ្ល៉ាឌីមៀរ បូឌីនស្គីស្ថាបត្យករបារាំងជនជាតិដើមរុស្ស៊ី ក្នុងការសាងសង់អគារប៊ូលឌីងស ក្រោមការទទួលខុសត្រូវរបស់លោកវណ្ណម៉ូលីវណ្ណ ។

នៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមស្នាព្រហស្ថរបស់សម្ដេចព្រះនរោត្តមសីហនុ រាជធានីភ្នំពេញបានប្រែប្រួលមុខមាត់ខ្លាំង និងរីកចម្រើនចាប់ពីចុងទសវត្សរ៍៥០ ដល់ដើមទសវត្សរ៍៧០ ដោយមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ វិមាន អគារថ្មីៗជាច្រើនឥតគណនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here