រដ្ឋាភិបាលចិនបញ្ចប់ការសាងសង់វិមានរដ្ឋសភាថ្មីនិងត្រៀមប្រគល់ជូនប្រទេសនៅអាហ្វ្រិកជាអំណោយ

0

ដោយៈ សុខុម

ក្រុងហារ៉ារ៉េ: វិមានរដ្ឋសភាថ្មីរបស់ប្រទេសហ្ស៊ីមបាវ៉េ ដែលត្រូវបានសាងសង់ និងផ្តល់មូលនិធិទាំងស្រុងដោយមហាយក្សចិន ទុកជាអំណោយដល់ប្រទេសនៅអាហ្វ្រិកខាងត្បូងមួយនេះ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ហើយត្រៀមរួចរាល់សម្រាប់មន្ត្រីចូលធ្វើការ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនXinhua ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនានេះបានឱ្យដឹងថា ដំបូងឡើងវិមានរដ្ឋសភានេះ គ្រោងបញ្ចប់ការសាងសង់ ក្នុងរយៈពេល៣២ខែ ប៉ុន្តែត្រូវបានបន្លាយពេលដល់៤២ខែដោយសារវិបត្តិកូវីដ-១៩។ ដំណើរការសាងសង់បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយមានទីតាំង ស្ថិតនៅលើភ្នំប្រវត្តិសាស្ត្រ Mount Hampden Hill ចម្ងាយប្រមាណ១៨គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានីហារ៉ារ៉េ (Harare) របស់ហ្ស៊ីមបាវ៉េ អគារកម្ពស់៦ជាន់នេះ គឺជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យ ដែលច្របាច់បញ្ចូលគ្នានូវស្ថាបត្យកម្ម តាមបែបផែនរបស់ហ្ស៊ីមបាវ៉េ និងប្រទេសចិន។

ក្រុមហ៊ុនម៉ៅការសាងសង់ចិន Shanghai Construction Group Company (SCG) កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា បានធ្វើការត្រួតពិនិត្យអគារនេះ ដោយមានការអញ្ជើញចូលរួមពី អ្នកសារព័ត៌មានយ៉ាងកុះករ នៅមុនការប្រគល់អគារនេះ ជាផ្លូវការជូនរដ្ឋាភិបាលហ្ស៊ីមបាវ៉េ ក្នុងពេលដ៏ខ្លីខាងមុខ។

លោក Cai Libo នាយកគ្រប់គ្រងគម្រោងក្រុមហ៊ុន SCG បានលើកឡើងថា ការបញ្ចប់គម្រោងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់មិត្តភាពចិន-ហ្ស៊ីមបាវ៉េ ដែលបន្តរីកដុះដាលយ៉ាងស្រស់បំព្រង។

លោកបានបន្ថែមថា អគារសភាថ្មីគឺជាគម្រោង ដ៏សំខាន់បំផុតមួយនៅក្នុងកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក ក្នុងគោលបំណងពង្រឹងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជនហ្ស៊ីមបាវ៉េ និងប្រទេសចិន។

លោក Cai Libo បានគូសបញ្ជាក់ថា “គម្រោងនេះ គាំទ្រពេញទំហឹងចំពោះលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ខណៈជួយលើកមុខមាត់របស់ប្រទេសនេះ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here