ដោយៈ សុផារី
ភ្នំពេញៈ “ជួញជិត ល្អជាជាងជួញឆ្ងាយ” តែងតែត្រូវបានលើកឡើងសម្រាប់ការធ្វើជំនួញ ដោយយល់ថាការវិនិយោគនៅតំបន់ជិតៗ ល្អជាងការវិនិយោគនៅឆ្ងាយ។
ការស្វែងរកទីតាំងវិនិយោគ ដើម្បីផលចំណេញ និងមានហានិភ័យទាប អាស្រ័យនឹងចំណេះដឹង បទពិសោធន៍ និងការក្តាប់ព័ត៌មាននៅក្នុងដៃ។
អ្នកជំនាញមើលឃើញថា រវាងការវិនិយោគនៅក្នុងក្រុងភ្នំពេញ តំបន់ជាយក្រុងភ្នំពេញ និងតំបន់ទីប្រជុំជននៅតាមបណ្តាខេត្តនានា នៅតាមបណ្តោយព្រំដែន មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។
លោកង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានលើកឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះថា ការវិនិយោគនៅទីតាំងតាមបណ្តា ខេត្តឆ្ងាយៗពីក្រុងភ្នំពេញ និងនៅក្នុងក្រុងភ្នំពេញ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។
លោកបង្ហាញទស្សនៈថា “ការវិនិយោគចំណេញ ល្អ និងគ្រប់គ្រងហានិភ័យល្អ លុះត្រាតែក្តោបក្តាប់បានព័ត៌មាន និងចំណេះដឹង។ ប្រៀបធៀបនឹងការវិនិយោគក្នុងក្រុងភ្នំពេញ ការវិនិយោគនៅតាមបណ្តោយព្រំដែន ដូចជាប៉ោយប៉ែត បាវិតជាដើម”។ លោកបន្ថែមថា “មានគុណវិបត្តិមួយគឺ សេដ្ឋកិច្ចនៃតំបន់ទាំងពីរនេះភាគច្រើន មានការពឹងផ្អែកលើសេដ្ឋកិច្ច និងការវិនិយោគពីខាងក្រៅច្រើន ដើម្បីជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើង”។
លោកង៉ែត ជូបានបន្តថា ប្រសិនបើយើងវិនិយោគនៅប៉ោយប៉ែត ឬបាវិត វាមាន Disadvantage មួយប្រៀបធៀបនឹងក្រុងភ្នំពេញ គឺប៉ោយប៉ែត បាវិតពឹងខ្លាំងលើសេដ្ឋកិច្ច និងលំហូរទុននៅខាងក្រៅ ដើម្បីជួយរុញដីធ្លីឱ្យកើនឡើង។ ផ្ទុយទៅវិញ សម្រាប់ករណីការវិនិយោគ នៅក្នុងទីក្រុងភ្នំពេញនិងតំបន់ជាយក្រុង មានលទ្ធភាព និងឱកាសចំណេញច្រើន ហើយមានហានិភ័យទាបផងដែរ ក្នុងករណីមានចំណេះដឹង និងព័ត៌មានច្បាស់លាស់។
លោកបានមានប្រសាសន៍ថា “ទោះបីជាលំហូរ ឬវិនិយោគទុនមានចំនួនតិច តម្រូវការមូលដ្ឋានមានកម្លាំងខ្លាំង ដោយសារមនុស្សនៅតែបន្តសម្រុកចូលមកកាន់ក្រុងភ្នំពេញ ប្រមាណ១០ម៉ឺននាក់។ ការវិនិយោគក្នុងក្រុងភ្នំពេញ មានអាទិភាពខ្ពស់ មានលទ្ធភាពផលចំណេញ និងហានិភ័យទាប ប្រសិនបើមានចំណេះដឹង និងព័ត៌មានដែរ”។
ជាមួយគ្នានេះ លោក គុយ ញ៉េន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានលើកឡើងថា សម្រាប់បទពិសោធន៍ក្នុងការវិនិយោគរបស់លោក លោកផ្តល់ជាយោបល់ ក្នុងការវិនិយោគនៅតំបន់ទាំងឡាយណា ដែលមានទីតាំងជិតៗ ល្អជាងការវិនិយោគឆ្ងាយៗ ជាពិសេសនៅក្នុងតំបន់ ដែលអ្នកវិនិយោគមានចំណេះដឹង និងអាចក្តាប់ព័ត៌មានបានច្រើនបំផុត។
លោកបានមានប្រសាសន៍ថា “ជួញជិត ល្អជាជាងជួញឆ្ងាយ”៕