ដោយៈ គង់ សូរិយា
ភ្នំពេញៈ សកម្មភាពទិញលក់ ជួល ក្នុងវិស័យអចលនទ្រព្យបាននិងកំពុងមានចលនាឡើងវិញបណ្តើរៗ និងមានសភាពកាន់តែល្អប្រសើរឡើង។
លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី១ កក្កដានេះថា បច្ចុប្បន្ននេះ អ្នកវិនិយោគទិញផ្ទះ ជួលផ្ទះធ្វើអាជីវកម្ម និងការទិញលក់ដីធ្លីនៅតែបន្តមានជាប្រចាំ ប៉ុន្តែចរន្តមិនល្អប្រសើរដូចមុនវិបត្តិនៅឡើយទេ។
លោកស្រីបន្តថា “ការទិញលក់ ភាគច្រើនផ្តោតលើអចលនទ្រព្យតម្លៃក្រោមទីផ្សារ ដោយសារវិនិយោគិនមានជម្រើសច្រើន សម្រាប់វិនិយោគ ព្រោះមានអចលនទ្រព្យលក់ច្រើន អ្នកទិញមានចំនួនតិច”។ លោកស្រីបន្តថា សកម្មភាពជួលផ្ទះអាជីវកម្ម មានច្រើនឡើងវិញបណ្តើរៗ ប៉ុន្តែការជួលអាគារធំៗហាក់នៅស្ងប់ស្ងាត់នៅឡើយ”។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេលស្ថានភាព វិនិយោគិនចិន និងបរទេសថ្មីៗដទៃទៀត នៅមិនទាន់ចូលមកច្រើននៅឡើយ ទីផ្សារអចលនទ្រព្យទាក់ទងការទិញ លក់ ជួល ពិតជាមានកម្រិត ដោយសកម្មភាពទិញ លក់ ជួល មានសកម្មភាពមួយៗនៅឡើយ។
លោកបន្តថា “ទីផ្សារជួលមានសកម្មភាពខ្លះ ការទិញខុនដូកើនឡើង ប៉ុន្តែភាគច្រើនជាភ្ញៀវក្នុងស្រុក ដែលទិញស្នាក់នៅ និងសម្រាប់ការវិនិយោគ”។ លោកបន្តថា “ការទិញខុនដូសម្រាប់វិនិយោគលើការជួល មានផលចំណេញពីការវិនិយោគប្រមាណ១០ភាគរយប្រចាំឆ្នាំ”។
លោកច្រឹក សុខនីមបានបន្តថា ភ្ញៀវបរទេសភាគច្រើនជាជនជាតិចិន ហើយភាគច្រើន ជាអ្នកវិនិយោគចាស់ៗ ដែលបានមកកម្ពុជា ដើម្បីចាប់ផ្តើមសកម្មភាពវិនិយោគឡើងវិញ ខណភ្ញៀវថ្មីៗនៅស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែយើងរំពឹងថា ចំនួនអ្នកវិនិយោគបរទេសនឹងកើនឡើងច្រើន នាពេលខាងមុខនេះ៕