ដោយ៖ សហការី
ភ្នំពេញ៖ យោងតាមឯកសាររបស់រដ្ឋបាលសូរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន៥ដំណាក់កាល គឺ ១.បំពេញឯកសារនៅការិយាល័យភូមិបាល ២.ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់ ៣.កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង ៤.សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ ៥.ចារឹកឈ្មោះលើប្លង់ដី។

-->
ដំណាក់ទី១ បំពេញឯកសារនៅការិយាល័យភូមិបាល៖ ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។
គូភាគី ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់) លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់) អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ) ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….) និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។
ដំណាក់ទី២ ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់៖ បន្ទាប់ពីបំពេញឯកសារ នៅការិយាល័យភូមិបាលរួចរាល់ ម្ចាស់ដី ត្រូវយកឯកសារ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។
ដំណាក់ទី៣ កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង៖ បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដីត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។
ដំណាក់ទី៤ សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ៖ យោងតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ មានការផ្ទេរសិទ្ធិខ្លះ គឺមិនជាប់ពន្ធនោះទេ ដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។
មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់ តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។
ប៉ុន្តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ (តំណាក់កាលទី៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។
យោងតាមសេចក្តីណែនាំលេខ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យត្រូវជាប់ពន្ធ ៤ភាគរយ ទាំងប្លង់រឹងនិងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ច ត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។ រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ រវាងយាយ-តាបង្កើតនិងចៅបង្កើត។

ដំណាក់ទី៥ ចារឹកឈ្មោះលើប្លង់ដី៖ កិច្ចបង្ហើយ បន្ទាប់ពីបង់ពន្ធរួច សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវយកឯកសារទាំងអស់ មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដី។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិ នៅពេលនីតិវិធីទាំងអស់បានបញ្ចប់។
ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីបានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុកខណ្ឌ។ លោកអ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យ ដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី៕