អ្នកជំនាញបង្ហើបជម្រើសល្អ រវាងការវិនិយោគដីធ្លីក្រវាត់ក្រុងទី៣ និងក្រវាត់ក្រុងទី៤

0

ដោយ៖ សុផារី

ភ្នំពេញ៖ ការវិនិយោគដីធ្លីនៅតាមតំបន់ជាយក្រុងអាចផ្តល់ផលចំណេញបាន អាស្រ័យតាមទីតាំង និងការអភិវឌ្ឍនៃតំបន់។ រវាងផ្លូវក្រវាត់ក្រុងទី៣ និងក្រវាត់ក្រុងទី៤ អ្នកជំនាញលើកឡើងថា ជម្រើសទាំងពីរជាទីតាំងល្អសម្រាប់ការវិនិយោគដូចគ្នា ប៉ុន្តែក្រវាត់ក្រុងទី៤ ជាជម្រើសល្អបំផុតនាពេលបច្ចុប្បន្ន។

ឆ្លើយតបនឹងសំណួរថា តើបច្ចុប្បន្ននេះជាឱកាសល្អសម្រាប់ការវិនិយោគដីធ្លីនៅតាមបណ្តោយក្រវាត់ក្រុងទី៣ និងទី៤ ឬទេ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា ការវិនិយោគនៅតាមផ្លូវក្រវាត់ក្រុងទី៣ ហាក់យឺតពេលបន្តិចហើយ ប៉ុន្តែការវិនិយោគនៅផ្លូវក្រវាត់ក្រុងទី៤វិញ គឺជាឱកាសល្អបំផុត។

បើតាមការបញ្ជាក់របស់លោក ង៉ែត ជូ ដីធ្លីនៅតាមផ្លូវក្រវាត់ក្រុងទី៣ និងតំបន់ក្បែរៗនេះ សម្រាប់ផ្លូវតូចៗ មានតម្លៃក្នុងរង្វង់៥០ដុល្លារ ទៅ១០០ដុល្លារ ហើយដីធ្លីជាប់ផ្លូវធំមានតម្លៃដល់ទៅ៣០០ឬ៤០០ដុល្លារអាមេរិក។

អ្នកជំនាញរូបនេះលើកឡើងថា ដោយសារតម្លៃដីធ្លីផ្លូវក្រវាត់ក្រុងទី៣ មានការកើនឡើងខ្ពស់ស្រាប់ទៅហើយ ធ្វើឱ្យមេគុណនៃផលចំណេញលើការវិនិយោគដីនៅផ្លូវក្រវាត់ក្រុងទី៣ ក៏កាន់តែមានតិច។ កាលណាតម្លៃដីធ្លីឡើងខ្ពស់ នោះអត្រាមេគុណក៏ថយចុះតាមដែរ។

លោកបន្តថា​ ចំណែក ការវិនិយោគដីធ្លីនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៤ អាចផ្តល់ផលចំណេញបានច្រើន ដោយសារតម្លៃដីធ្លីនៅមានតម្លៃទាប​ហើយនាពេលអនាគតនឹងមានតម្រូវការច្រើន ជាពិសេសលើអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន។

លោកមានប្រសាសន៍ថា “តម្លៃនៅទាប មេគុណ [ផលចំណេញ] នៅមានច្រើន។ ក្រវាត់ក្រុងទី៤ នៅមានមេគុណច្រើន”។

លោកលើកឧទាហរណ៍ ផ្លូវជាតិលេខ៥១ ដែលជាផ្នែកមួយនៃផ្លូវក្រវាត់ក្រុងទី៤ តម្លៃដីធ្លីនៅប៉ែកខាងខេត្តកណ្តាល ឆ្ពោះមកភ្នំពេញ នៅមានចន្លោះ១៥ទៅ៣០ដុល្លារអាមេរិក។ ចំណែក ប៉ែកខាងកំពង់ស្ពឺ តម្លៃដីធ្លីនៅមានរង្វង់១០ដុល្លារអាមេរិក។

លោកបន្តថា “តំបន់១០ដុល្លារ និងក្រោម១០ដុល្លារនេះហើយ ដែលយើងគួរផ្តោត។ ក្រវាត់ក្រុងទី៣ រាងយឺតពេលបន្តិចហើយ ក្រវាត់ក្រុងទី៤ល្អសម្រាប់ការវិនិយោគ ប៉ុន្តែត្រូវមើលតម្លៃតាមផ្លូវល្មមៗ យកត្រឹម១០ដុល្លារក្នុងមួយម៉ែត្រការ៉េបាន”។

យ៉ាងណាក្តី លោកផ្តល់ទស្សនៈថា សម្រាប់អ្នកវិនិយោគនៅក្រវាត់ក្រុងទី៤ ដែលមិនចង់មានហានិភ័យខ្ពស់ គួរជ្រើសរើសយកការវិនិយោគនៅតាមបណ្តោយផ្លូវធំ នៃផ្លូវក្រវាត់ក្រុងទី៤តែម្តង ឬត្រឹមផ្លូវទំហំ៣០ម៉ែត្រ៤០ម៉ែត្រ។

លោកថា “បើយើងចង់បានហានិភ័យទាប យើងយកផ្លូវធំ ឬផ្លូវខ្នែងមានផ្លូវ៣០ម៉ែត្រ ៤០ម៉ែត្រ សម្រាប់ការវិនិយោគពាណិជ្ជកម្ម នាពេលអនាគត ដោយសារតម្រូវការសម្រាប់ពាណិជ្ជកម្មមានច្រើន ការផ្គត់ផ្គង់នៅជាប់ផ្លូវធំមានកម្រិតខ្លាំង ដោយសារបច្ចុប្បន្ននេះវាជាផ្នែកនៃអចលនទ្រព្យលំនៅឋានរួចជាស្រេច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here