គម្រោងអភិវឌ្ឍន៍ផ្លូវថ្មីៗបានលើកតម្លៃ និងសកម្មភាពវិនិយោគលើអចលនទ្រព្យ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ផ្លូវថ្មីៗ ជាបន្តបន្ទាប់តភ្ជាប់ពីរាជធានីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តទៅបណ្ដាខេត្តដទៃទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការអភិវឌ្ឍផ្លូវថ្មីៗនេះដែរ បានជំរុញឱ្យតម្លៃអចលនទ្រព្យ នៅតាមបណ្ដោយផ្លូវនោះ មានសន្ទុះមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះវាក៏អាចទទួលបានការវិនិយោគបន្ថែម ពីវិនិយោគិនក្នុងនិងក្រៅប្រទេសផងដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានលើកឡើកថា ការសាងសង់ផ្លូវថ្មីៗមិនថា នៅបណ្ដាខេត្តឬនៅជុំវិញរាជធានីភ្នំពេញនោះទេ តែងតែទទួលបាននូវការចាប់អារម្ម ណ៍ទៅលើការវិនិយោគអចលនទ្រព្យ ជាពិសេសនោះជំរុញឱ្យតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវនោះ មានសន្ទុះមួយកម្រិតទៀតផងដែរ ។

លោកបន្តថា ជាកត់សម្គាល់យើងបានឃើញថា គម្រោងអភិវឌ្ឍន៍ផ្លូវជាច្រើនរបស់រាជរដ្ឋាភិបាល ពិតជាបានរួមចំណែក ដល់វិស័យអចលនទ្រព្យ ហើយយើងបានឃើញហើយដែរថា នៅពេលមានរដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវណាមួយ វាតែងតែធ្វើឱ្យដីធ្លី និងសកម្មភាពនៃការវិនិ​យោគ នៅតាមបណ្ដោយផ្លូវនោះ កម្រើកជាងមុនមួយកម្រិតទៀតទោះតិចឬក៏ច្រើនក្ដី ។

ជាមួយគ្នានេះ លោកថា ថេង តំណាងនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងលើកឡើងផងដែរថា ពីមុនព្រៃវែង មិនទាន់មានផ្លូវស្អាតច្រើននោះទេ ហើយក៏មិនទាន់ជាការចាប់អារម្មណ៍ ពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យប៉ុន្មានដែរ តែក្រោយពេលរដ្ឋាភិបាលសាងសង់ផ្លូវជាបន្តបន្ទាប់ ក៏បានធ្វើឱ្យព្រៃវែងមានការអភិវឌ្ឍ ជាពិសេសអ្នកមានលុយពីភ្នំពេញ ចូលមកអភិវឌ្ឍន៍ជាកន្លែងកម្សាន្ត សម្រាប់ទទួលទេសចរ មកលំហែរ ហើយជាពិសេសនោះការតភ្ជាប់ផ្លូវ ទៅកាន់ព្រំដែនក៏បានជំរុញឱ្យតម្លៃដីធ្លី នៅតំបន់នោះកាន់តែមានសន្ទុះបន្ថែម ។

រាជរដ្ឋាភិបាលកម្ពុជា នៅតែមានផែនការក្នុងការអភិវឌ្ឍផ្លូវថ្មីៗ និងលើកកម្ពស់ផ្លូវចាស់ៗឱ្យកាន់តែប្រសើរ ធំទូលាយ ដើម្បីសម្រួលដល់ការធ្វើដំណើរបានលឿនរហ័ស សន្សំសំចៃពេលវេលា និងចំណេញថវិកា។ រដ្ឋាភិបាលក៏បាន និងកំពុងសាងសង់ផ្លូវល្បឿនលឿនមួយ ព្រមទាំងគ្រោងដាក់ឱ្យដំណើរការសាកល្បង នៅពេលប៉ុន្មានខែខាងមុខនេះ និងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនផ្សេងទៀត ពីភ្នំពេញទៅកាន់បណ្ដាខេត្តនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here