ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្សចិនមួយទៀតកំពុងផុងក្នុងវិបត្តិបំណុលទំហំជាង១០០០លានដុល្លារ

0

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ លំដាប់យក្សរបស់ចិន Shimao Group បានខកខានទូទាត់ការប្រាក់ និងប្រាក់ដើមនៃមូលបត្របំណុលក្រៅប្រទេសរហូត ដល់ទៅ១ពាន់លានដុល្លារអាមេរិក ដែលដល់ពេលកំណត់កាលពីថ្ងៃអាទិត្យ ទី៣ កក្កដា។

ការខកខានទូទាត់បំណុល របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះ គឺជាការវាយប្រហារចុងក្រោយ មកលើទីផ្សារអចលនទ្រព្យ ដែលកំពុងដុនដាបខ្លាំងរបស់ប្រទេសចិន ក្រោយពីផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ China Evergrande Group ដែលជំពាក់បំណុលច្រើនបំផុតប្រចាំប្រទេសចិន ជាមួយនឹងបំណុលរហូតដល់៣៥០ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះបានទទួលស្គាល់ តាមរយៈឯកសារមួយផ្ញើទៅកាន់ផ្សារហ៊ុនក្រុងហុងកុង កាលពីថ្ងៃអាទិត្យ កន្លងទៅថា ខ្លួនគ្មានលទ្ធភាពទូទាត់ប្រាក់ដើម និងការប្រាក់សរុប១,០២៣ពាន់លានដុល្លារអាមេរិក ជូនម្ចាស់បំណុល ដែលចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរិនោះទេ ដោយលើកឡើងពី “ស្ថានភាពមិនប្រាកដប្រជាក្នុងទីផ្សារ ដោយសារការផ្ទេរបុរេហិរញ្ញប្បទាន (Debt Refinancing) និងស្ថានភាពប្រតិបត្តិការ និងការផ្តល់ហិរញ្ញប្បទានដ៏លំបាក”។

ក្រុមហ៊ុនអភិវឌ្ឍន៍នេះនិយាយថា ខ្លួនមិនទាន់ទទួលបានការជូនដំណឹងពីម្ចាស់បំណុល ឱ្យពន្លឿនការទូទាត់នៅឡើយទេ ហើយថាម្ចាស់បំណុល មិនទាន់បានចាត់វិធានការតាមផ្លូវច្បាប់នោះទេ។

ក្រុមហ៊ុន Shimao Group បានជួលក្រុមហ៊ុន Admiralty Harbor Capital ឱ្យធ្វើទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីសហការជាមួយទីប្រឹក្សាផ្នែកច្បាប់របស់ខ្លួន គឺក្រុមហ៊ុន Sidley Austin សម្រាប់ជួយវាយតម្លៃ និងស្វែងរកវិធី ដើម្បីគ្រប់គ្រងវិបត្តិសាច់ប្រាក់នេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here